រុស្ស៊ី៖ រុស្ស៊ី បានច្រានចោលក្នុងការបន្ថែមពេលកិច្ចព្រមព្រៀងកាលពីខែកក្កដាដោយត្អូញត្អែរថា កិច្ចព្រមព្រៀងមួយដែលសន្យាដកចេញឧបសគ្គចំពោះការនាំចេញស្បៀងអាហារ និងផលិតផលជីរបស់រុស្ស៊ី ពុំត្រូវបានផ្តល់ឲ្យឡើយ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃចន្ទថាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលអនុញ្ញាតឲ្យនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមសមុទ្រខ្មៅនឹងមិនត្រូវបានស្តារឡើងវិញឡើយលុះត្រាតែលោកខាងលិច បំពេញកាតព្វកិច្ចរបស់ខ្លួនដើម្បីសម្រួលដល់ការនាំចេញកសិកម្មរបស់ខ្លួន។
លោក Putin បានធ្វើសេចក្តីថ្លែងការណ៍បន្ទាប់ពីបានពិភាក្សាជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan រួមជាមួយអង្គការសហប្រជាជាតិ បានសម្របសម្រួលកិច្ចព្រមព្រៀងនេះ ដែលត្រូវបានចាត់ទុកថាសំខាន់សម្រាប់ការផ្គត់ផ្គង់ស្បៀងអាហារសកល ជាពិសេសនៅទ្វីបអាហ្វ្រិក មជ្ឈឹមបូព៌ា និងនៅអាស៊ី។
រុស្ស៊ីនិយាយថាការរឹតត្បិតលើការដឹកជញ្ជូន និងការធានារ៉ាប់រង បានរារាំងដល់ពាណិជ្ជកម្មផ្នែកកសិកម្មរបស់ខ្លួន ទោះបីជារុស្ស៊ីបានដឹកជញ្ជូននូវចំនួនដ៏ច្រើននៃស្រូវសាឡីចាប់តាំងពីឆ្នាំមុនមកក៏ដោយ។ លោក Putin និយាយថាប្រសិនបើការប្តេជ្ញាចិត្តទំាងនោះ ត្រូវបានផ្តល់ឲ្យ រុស្ស៊ីអាចវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃឆាប់ៗនេះ។
លោកនិយាយថារុស្ស៊ី ខិតកាន់តែជិតដើម្បីបញ្ជាក់ចុងក្រោយកិច្ចព្រមព្រៀងមួយដើម្បីផ្តល់គ្រាប់ធញ្ញជាតិមិនគិតថ្លៃដល់ប្រទេសអាហ្វ្រិកចំនួន៦។ មេដឹកនាំរុស្ស៊ីនិយាយថារុស្ស៊ីនឹងដឹកជញ្ចូនគ្រាប់ធញ្ញជាតិមានតម្លៃថោកចំនួន១,១ លានតោន ទៅកាន់ប្រទេសទួរគីសម្រាប់ដំណើរការ និងផ្តល់ដល់ប្រទេសក្រីក្រ៕

