បាល់ទាត់៖ ក្រុមបាល់ទាត់អេស្ប៉ាញ Villarreal បានក្លាយជាជើងឯកពានរង្វាន់ UEFA Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប បន្ទាប់ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏តានតឹងយកឈ្នះ Manchester United ដោយបាល់ ១១ម៉ែត្រគ្រាប់ទី១១ ចុងក្រោយដែលទាត់ដោយអ្នកចាំទីក្រុមទាំងសងខាង។

នេះជាការបង្ហាញខ្លួនលើកដំបូងនៅវគ្គផ្តាច់ព្រ័ត្រសំរាប់ Villarreal នៅក្របខណ្ឌអឺរ៉ុប តែមិនមែនជាលើកដំបូងសំរាប់អ្នកចាត់ការ Unai Emery ឡើយដែលធ្លាប់ដឹកនាំ Sevilla លើកពាន Europa League ៣សម័យជាប់គ្នា។ Gerard Moreno គឺជាអ្នកបើកការនាំមុខមុនឲ្យ Villarreal នៅនាទីទី២៩ ដែលជាគ្រាប់ទី៣០ របស់គេក្នុងរដូវកាលនេះ មុនពេលដែល Edinson Cavani តាមស្មើវិញនៅវគ្គទី២ នាទីទី៥៩ ដែលជាគ្រាប់ទី១៦ របស់គេក្នុងការបង្ហាញខ្លួន ១១ប្រកួតចុងក្រោយ ហើយក្រុមទាំងពីរក៏រក្សាលទ្ធផល ១-១ រហូតចប់ការប្រកួត និងបន្ថែម ១៥នាទី ២ដងនៅតែស្មើគ្នា។ ឈានដល់វគ្គ ១១ម៉ែត្រកាត់សេចក្តីការប្រកួតនៅតែតានតឹង បន្ទាប់ពីកីឡាករ ១០នាក់ទាំងសងខាងសុទ្ធតែស៊ុតបានសំរេច ហើយក៏សំរេចចុងក្រោយដោយអ្នកចាំទី។ អ្នកចាំទី Villarreal, Gemorino Rulli ស៊ុតមុនបានសំរេចតែអ្នកចាំទី Manchester United, David de Gea ធ្វើមិនបានសំរេចឡើយដោយ Rulli សង្គ្រោះបានធ្វើឲ្យ Villarreal ស្គាល់ពាន UEFA Europa League លើកដំបូង។

អតីតអ្នកចាត់ការ Arsenal លោក Unai Emery នៅពេលនេះបានលើកពាន Europa League សរុប ៤លើកហើយក្នុងអាជីព។ ក្រោយចប់ការប្រកួតអ្នកចាត់ការ Manchester United, Ole Gunnar Solskjaer និយាយថា ក្រុមមួយដែលបញ្ចប់រដូវកាលមិនឈ្នះពានសោះ មិនអាចហៅថាជោគជ័យបានឡើយ តែបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ មិនមែនជាការបាត់បង់អ្វីគ្រប់យ៉ាងនោះទេ។ បរាជ័យនេះដែរធ្វើឲ្យ Manchester United មិនឈ្នះពានអ្វីសោះតាំងពីឆ្នាំ២០១៧ ដែលឈ្នះជើងឯក Europa League ក្រោមការដឹកនាំរបស់ Jose Mourinho ខណៈ Ole Gunnar Solskjaer នៅតែបន្តស្វែងរកពានដំបូងក្នុងអាជីពជាអ្នកចាត់ការ៕
អត្ថបទ៖នាង សុភាវុធ