
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz និយាយលេងសើចថា លោកកំពុងរង់ចាំប្រតិកម្មនៅលើបណ្តាញព័ត៌មានសង្គម ក្រោយរូបថតផ្លូវការបានបញ្ចេញកាលពីថ្ងៃចន្ទ ឃើញរូបលោកពាក់របាំងភ្នែក បន្ទាប់ឧបទ្ទេវហេតុអំឡុងពេលរត់ហាត់កីឡាកាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅ។
អធិការបតីរូបនេះ បានបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គម X ដែលជាអតីតបណ្តាញព័ត៌មានសង្គម Twitterថា រំភើបចិត្តក្នុងការរង់ចំាមើលការធ្វើត្រាប់តាម ។ អរគុណចំពោះការជូនពរឲ្យឆាប់ជាសះស្បើយពីរបួស មើលទៅអាក្រក់ជាងនេះទៅទៀត។
លោក Steffen Hebestreit គឺជាអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា លោក Scholz ដែលមុខរបស់លោកគេឃើញមានស្នាមកោសស្បែកក្នុងរូបថតនោះ នឹងត្រូវពាក់របំាងភ្នែកសម្រាប់រយៈពេល ២-៣ថ្ងៃ ឬប្រហែលច្រើនសប្តាហ៍ទៀត។
លោក Hebestreit បន្តថា អធិការបតីរូបនេះ ដែលគ្រោងនឹងចូលរួមព្រឹត្តការណ៍ក្នុងព្រះវិហារកាតូលិកនាល្ងាចថ្ងៃចន្ទនៅទីក្រុងប៊ែរឡាំង ធ្វើបានល្អពាក់ព័ន្ធនឹងស្ថានភាពបែបនេះ៕