ហៃទី៖ រយៈពេលជិតមួយឆ្នាំបន្ទាប់ពីការស្នើសុំដាក់ពង្រាយជាបន្ទាន់នូវកម្លាំងសកម្មភាពរហ័សពហុជាតិ ដើម្បីជួយប្រជាជនហៃទីឲ្យត្រឡប់ទៅរកភាពប្រក្រតីវិញនោះ សហរដ្ឋអាមេរិក នៅតែមិនយល់ស្របជាមួយដៃគូទាំងអស់របស់ខ្លួនអំពីអ្វីដែលបេសកកម្ម គួរតែកើតឡើង ហើយនៅតែមិនទាន់ធានាបានការគាំទ្រដ៏ចាំបាច់ទាំងអស់ ដើម្បីធ្វើឲ្យបេសកកម្មនេះ ចាប់ផ្តើមដំណើរការទេ។
បន្ទាប់មកប្រទេសកេនយ៉ា បានបញ្ជូនគណៈប្រតិភូមួយក្រុម ទៅទីក្រុងព័រអូប្រាំង (Port-au-Prince) កាលពីពីរសប្តាហ៍មុន ដើម្បីពិភាក្សាអំពីសំណើរបស់ខ្លួន ដើម្បីដឹកនាំការដាក់ពង្រាយនេះ ឥឡូវនេះមិនច្បាស់ទេថាតើជនជាតិកេនយ៉ា នឹងទទួលការងារនេះ ឬយ៉ាងណា។
កាលពីចុងសប្តាហ៍ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បានទៅបំពេញទស្សនកិច្ចនៅទីក្រុងណៃរ៉ូប៊ី ជាទីដែលរូបលោក បានជួបជាមួយប្រធានាធិបតីកេនយ៉ា លោក វីល្លៀម រ៉ូតូ (William Ruto) នៅខាងក្រៅវេទិកាកិច្ចប្រជុំកំពូលអាកាសធាតុអាហ្រ្វិក។ ភាគីទាំងពីរ បានពិភាក្សាអំពីការស្នើរបស់លោករ៉ូតូ ក្នុងការពិចារណាអំពីការបញ្ជូននគរបាលចំនួន ១.000នាក់ ទៅប្រទេសហៃទី និងដឹកនាំបេសកកម្មនេះ។
លោកហ្វាហាន ហាក (Farhan Haq) អ្នកនាំពាក្យរងរបស់លោកហ្គុយតឺរេស បានថ្លែងប្រាប់កាសែត Miami Herald កាលពីថ្ងៃអង្គារថា លោកប្រធានាធិបតីកេនយ៉ា បានជូនដំណឹងដល់លោក[អគ្គលេខាធិការ] ថា ប្រទេសកេនយ៉ា កំពុងសិក្សាស្ថានភាពនៅលើទឹកដីនៃប្រទេសហៃទី៕

