គ្មាននរណាអាចបង្អាក់ភាពជោគជ័យរបស់ កំពូលកីឡាករវាយកូនបាល់ស៊ែប Novak Djokovic បានឡើយបើទោះឈានដល់វ័យ ៣៦ ឆ្នាំក៏ដោយ បន្ទាប់ឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam លើកទី ៤២ ក្នុងអាជីព បំបែកកំណត់ត្រារបស់ Roger Federer។
កីឡាករវ័យ ៣៦ ឆ្នាំរូបនេះហាក់មិនលំបាកខ្លាំងឡើយដើម្បីយកឈ្នះគូប្រកួតម្ចាស់ទឹកដីអាមេរិក Taylor Fritz នៅវគ្គ ៨ នាក់ចុងក្រោយតាមរយៈជ័យជំនះ ៣ សិតផ្ទួនៗ ៦-១ ៦-៤ និង ៦-៤ បន្តដំណើរស្វែងរកពាន Grand Slam លើកទី ២៤ ក្នុងអាជីពឱ្យស្មើកំណត់ត្រារបស់កីឡាការិនី Margaret Court។

ជើងឯក US Open ៣ សម័យរូបនេះនឹងបន្តជួបជាមួយអ្នកឈ្នះរវាងកីឡាករអាមេរិកទាំងពីរ Frances Tiafoe រឺ Ben Shelton ដែលប្រកួតថ្ងៃនេះ។
ចំណែកការប្រកួតវគ្គ ៨ នាក់ចុងក្រោយពីរគូផ្សេងទៀតត្រូវប្រកួតយប់នេះ និងព្រឹកស្អែករួមមាន Daniil Medvedev ត្រូវជួបមិត្តរួមជាតិរុស្ស៊ី Ruben Rublev និងកីឡាករអេស្ប៉ាញ Carlos Alcaraz ជួបកីឡាករអាល្លឺម៉ង់ Alexander Zverev។
ងាកមកការប្រកួតផ្នែកនារីវិញ កីឡាការិនីក្តីសង្ឃឹមរបស់ម្ចាស់ផ្ទះអាមេរិក Coco Gauff មិនធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ បន្ទាប់ពីយកឈ្នះកីឡាការិនីមកពីឡេតូនី Jelena Ostapenko មិនលំបាក ៦-០ និង ៦-២ ប្រើពេលត្រឹម ៦៧ នាទីដើម្បីឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Coco Gauff ដែលមកដល់ US Open នេះជាមួយទំនុកចិត្តបន្ទាប់ពីទើបឈ្នះពីរកម្មវិធីជាប់គ្នានៅ Washington និង Cincinnati នោះ នឹងបន្តជួបជាមួយកីឡាការិនីឆេកលំដាប់លេខ ១០ ពិភពលោក Karolina Muchova ដែលបានយកឈ្នះកីឡាការិនីរ៉ូម៉ានី Sorana Cirstea ៦-០ និង ៦-៣៕ អត្ថបទ៖នាង សុភាវុធ
