UN៖ ខ្សាច់សមុទ្រប្រហែល៦ពាន់លានតោន កំពុងត្រូវបានបូមយកជារៀងរាល់ឆ្នាំ នៅក្នុងរៀបអនុវត្តកំពុងកើនឡើង ដែលទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ (៥ កញ្ញា) ថាគ្មាននិរន្តរភាព និងអាចបំផ្លាញជីវិតសត្វសមុទ្រក្នុងតំបន់ ដោយមិនអាចត្រឡប់វិញបាន។
ខ្សាច់គឺជាធនធានធម្មជាតិ ដែលត្រូវបានមនុស្សទាញយកប្រយោជន៍ច្រើនបំផុតនៅលើពិភពលោកបន្ទាប់ពីទឹក ប៉ុន្តែការបូមយកខ្សាច់សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម ដូចជាសំណង់ជាដើម ត្រូវបានគ្រប់គ្រងដោយធូររលុង ដែលជំរុញឱ្យអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចមួយកាលពីឆ្នាំមុន ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្មរ៉ែប្រកបដោយនិរន្តរភាព។
ការរកឃើញពីកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) ស្របពេលជាមួយនឹងការចាប់ផ្តើមនៃវេទិកាថ្មីមួយឈ្មោះថា «កម្មវិធីឃ្លាំមើលខ្សាច់សមុទ្រ» គាំទ្រដោយការផ្តល់មូលនិធិពីរដ្ឋាភិបាលស្វីស ដែលតាមដានសកម្មភាពបូមខ្សាច់ដោយប្រើការតាមដានសមុទ្រ និងប្រព័ន្ធបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតផងដែរ។
ទីភ្នាក់ងារ UNEP បានបន្ថែមថា នៅក្នុងតំបន់មួយចំនួនការបូបយកខ្សាច់ចេញ គឺលើសពីអត្រានៃការបំពេញឡើងវិញ ខណៈខ្សាច់សមុទ្រនៅទូទាំងពិភពលោកចំនួន៦ពាន់លានតោន ដែលត្រូវបានបូបយកនោះ គឺតិចជាងខ្សាច់ដែលបានហូរបំពេញជារៀងរាល់ឆ្នាំដោយទន្លេរបស់ពិភពលោក៕


