ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា ការបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ជាយន្តការពង្រីកលំហូរនៃការទទួលព័ត៌មានកាន់តែច្បាស់លាស់របស់រាជរដ្ឋាភិបាល។
មួយថ្ងៃក្រោយពីរាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងប្រាប់ BTV News ឲ្យដឹងនៅថ្ងៃទី៦ ខែកញ្ញានេះថា គោលបំណងនៃការបង្កើតស្ថាប័នជាតិថ្មីមួយនេះឡើង រាជរដ្ឋាភិបាលមានទិសដៅធ្វើយ៉ាងណាផ្តល់រាល់លំហូរព័ត៌មានទៅកាន់ប្រជាពលរដ្ឋ ទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល សមិទ្ធផលនានា និងកិច្ចការអនុវត្តកន្លងទៅដែលបម្រើដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
ឯកឧត្តមបន្តថា ស្ថាប័ននេះមានតួនាទីសម្របសម្រួលជំរុញឲ្យលំហូរព័ត៌មានទាំងអស់នោះជួ្រតជ្រាបដល់ប្រជាពលរដ្ឋគ្រប់រូប។ ស្ថាប័ននេះ ក៏បង្កើតឡើងប្រៀបនឹងយន្តការច្រកចេញតែមួយ ដើម្បីឲ្យការប្រមូលព័ត៌មាន និងការផ្តល់ព័ត៌មានតែមួយ ហើយច្បាស់លាស់ជូនប្រជាពលរដ្ឋ។ ឯកឧត្តម បញ្ជាក់ថា ស្ថាប័ននេះបានផ្សារភ្ជាប់ជាមួយនឹងសាធារណមតិ គឺក្រុមការងារក្នុងស្ថាប័នមានគោលដៅលើកកម្ពស់ព័ត៌មានទៅសាធារណមតិ និងចាត់វិធានការ ឬបន្សាបព័ត៌មានក្លែងក្លាយ បំពុលសង្គមដែលតែងកើតមាន។
សូមជម្រាបថាកាលពីថ្ងៃទី៥ ខែកញ្ញា ម្សិលមិញនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ដែលសរសេរជាអក្សរកាត់ថា គ.ស.ព.ស.។
គណៈកម្មាធិការជាតិនេះ មានតួនាទី និងភារកិច្ចធ្វើកិច្ចការលើការងារពង្រឹងសាធារណមតិ តាមរយៈការតាមដានក្ដាប់គ្រប់សភាពការណ៍ ឃោសនា ពន្យល់ និងការពាររូបភាពវិជ្ជមានរបស់ព្រះរាជាណាចក្រកម្ពុជា ការពារអធិបតេយ្យជាតិ ផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងកសាងរូបភាពវិជ្ជមាន និងលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ៕ អត្ថបទ សេក ឧត្តម