
ប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោកទាំង២ បានសម្រេចចិត្តបន្តកាត់បន្ថយការផ្គត់ផ្គង់ប្រេងរបស់ខ្លួន រហូតដល់ដំណាច់ឆ្នាំនេះ។
ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយឡែកពីគ្នា កាលពីថ្ងៃអង្គារដោយទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អារ៉ាប៊ីសាអ៊ូឌីត និងឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak។ ព័ត៌មាននេះ បានជួយរុញឲ្យតម្លៃប្រេងឆៅ WTI នៅអាមេរិក ឡើងដល់ជាង ៨៨ដុល្លារ ក្នុងមួយបារ៉ែល។
ចាប់តាំងពីខែកក្កដាមក អារ៉ាប៊ីសាអូឌីត បានកាត់បន្ថយការផលិត ១លានបារ៉ែល ក្នុងមួយថ្ងៃ។ ចំណែករុស្ស៊ី ក៏បានកាត់បន្ថយទិន្នផលរបស់ខ្លួនបន្តិចម្ដងៗផងដែរ ហើយនិយាយថា ខ្លួននឹងកាត់បន្ថយការនាំចេញចំនួន ៣០០.០០០បារ៉ែល ក្នុងមួយថ្ងៃ។
សង្គ្រាមនៅអ៊ុយក្រែន និងអតិផរណា បានធ្វើឲ្យតម្លៃប្រេងសាំងឡើងខ្ពស់។ ការឡើងថ្លៃនោះ បានប៉ះពាល់ដល់មនុស្ស និងអាជីវកម្ម នៅជុំវិញពិភពលោក។ តែទោះជាយ៉ាងណាក្ដី ប្រទេសទាំង២ បាននិយាយថា ការបន្ថែមការកាត់បន្ថយរបស់ពួកគេ មានបំណងជួយគាំទ្រដល់ «ស្ថិរភាព និងតុល្យភាព» នៅក្នុងទីផ្សារប្រេង។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានរិះគន់ចំពោះការសម្រេចកាត់បន្ថយកន្លងមក។ លោកបានព្រមានអារ៉ាប៊ីសាអ៊ូឌីតថា នឹងមាន «ផលវិបាក» សម្រាប់ការសហការជាមួយរុស្ស៊ី។ ការឡើងថ្លៃប្រេងនេះ ក៏អាចជួយឲ្យរុស្ស៊ីផ្តល់ថវិកាដល់សង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែនផងដែរ៕