
ពេលកំពុងស្ទួចត្រីនៅតំបន់ឆ្នេរទន្លេ Danube របស់ប្រទេសរ៉ូម៉ានី លោក Gabi Popescu គឺជាអ្នកចិញ្ចឹមសត្វឃ្មុំមួយរូប អាចមើលឃើញកប៉ាល់អ៊ុយក្រែន កំពុងលើកស្តុកគ្រាប់ធុញ្ញជាតិនៅក្នុងកំពង់ផែទន្លេ Izmail រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយពេលរុស្ស៊ី បើកការវាយប្រហារនៅយប់ទី ៣របស់ពួកគេលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ។
ការវាយប្រហារនេះ បានធ្វើឲ្យអង្រួនបង្អួចផ្ទះនៅក្នុងភូមិព្រំដែន Plauru របស់រ៉ូម៉ានី នៅតាមដងទន្លេ ហើយនិងធ្វើឲ្យអង្រួនផ្ទះរបស់លោក Popescu ផងដែរ ។
លោក Popescu ដែលបាននាំបង្គងឃ្មុំរបស់មកមកកាន់ភូមិ Plauru ចេញពីតំបន់ភាគកណ្តាលរ៉ូម៉ានីអស់រយៈពេល ៦ឆ្នាំមកហើយនោះ និយាយថា បើធៀបនឹងការទម្លាក់គ្រាប់បែកលើកមុន ការវាយប្រហារលើកនេះ មានសំឡេងឮខ្លាំងណាស់។
អ៊ុយក្រែន និយាយថា យានដ្រូនរុស្ស៊ី បានបំផ្ទុះគ្រាប់បែកនៅលើទឹកដីរបស់ប្រទេសរ៉ូម៉ានី ដែលជាសមាជិករបស់អង្គការណាតូ ប៉ុន្តែប្រទេសរ៉ូម៉ានី បានធ្វើការច្រានចោលទាំងស្រុង ថាពួកគេពុំបានរងការវាយប្រហារនោះទេ តែវាគឺជាការវាយប្រហារមកលើកំពង់ផែទន្លេរបស់អ៊ុយក្រែន ដែលមានចម្ងាយប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ពីព្រំដែនរបស់ពួកគេ។
ទន្លេ Danube បច្ចុប្បន្នគឺជាផ្លូវទឹកដ៏សំខាន់មួយរបស់អ៊ុយក្រែន ក្នុងនាំចេញគ្រាប់ធុញ្ញជាតិ ក្រោយការចូលដល់កំពង់ផែសមុទ្រខ្មៅ ត្រូវបានកាត់ផ្តាច់ បន្ទាប់ពីរុស្ស៊ីចាកចេញពីកិច្ចព្រមព្រៀងច្រករបៀងគ្រាប់ធុញ្ញជាតិកាលពីពាក់កណ្តាលខែកក្កដាកន្លងទៅ។
ចាប់តាំងពីពេលនោះមក រុស្ស៊ី បានបើកការវាយប្រហារលើកំពង់ផែទន្លេ Izmail និង Reni របស់អ៊ុយក្រែន។
នៅក្នុងភូមិ Plauru មានអ្នកស្រុកមួយចំនួន បានឮសំឡេងស៊ីរ៉ែនរោទិ៍នៅកំពង់ផែ Izmail ជាច្រើនលើកក្នុង១សប្តាហ៍ ។ អ្នកស្រី Daniela Tanase គឺជាអ្នកស្រុកមួយរូប និយាយថា ពួកយើងធ្វើជាមិនដឹងនៅពេលថ្ងៃ ប៉ុន្តែព្រលឹងពួកយើងបានហោះចេញពីខ្លួន ពេលឮសំឡេងស៊ីរ៉ែនរោទិ៍នៅពេលយប់។
អ្នកស្រីបន្តថា ខ្ញុំគ្មានអារម្មណ៍ថាមានសុវត្ថិភាពនោះទេនៅទីនេះ ។ ខ្ញុំរស់នៅតាមតំបន់ឆ្នេរទន្លេរបស់រ៉ូម៉ានី ហើយខ្ញុំមានអារម្មណ៍ថាគ្មានសុវត្ថិភាពទាល់តែសោះ៕