
សាលារៀនទើបសាងសង់រួចថ្មីដោយក្រុមសប្បុរសធម៌ក្នុងស្រុកនៅតំបន់ជាយក្រុង Sanaa នឹងផ្តល់ឱកាសសិក្សាដល់កុមារយេម៉ែន ស្របពេលដែលការចូលសាលារៀនមានដែនកំណត់នៅក្នុងប្រទេសមួយនេះ ដោយសារតែជម្លោះកំពុងបន្ត។
ភាពសប្បាយរីករាយ បានកើតមាននៅក្នុងចំណោមប្រជាពលរដ្ឋ ១.២០០នាក់ ស្របពេលដែលពួកគេចូលរួមកម្មវិធីបើកបវេសនកាល ក្រោយចំណាយពេលច្រើនឆ្នាំនៅផ្ទះចាស់ៗហួសសម័យធ្វើជាសាលារៀន ដែលបានធ្លាក់បាក់បែកកាលពីពេលថ្មីៗនេះ។
សាលារៀនថ្មីនេះ ត្រូវបានសាងសង់ឡើងដោយក្រុមសប្បុរសធម៌ក្នុងស្រុក Mona Relief តាមរយៈមូលនិធិដែលរៃអង្គាសពីក្រុមបរិច្ចាគនៅក្នុងតំបន់ និងនៅក្រៅប្រទេស ។ វានឹងផ្តល់បរិស្ថានបរិសុទ្ធដល់សិស្សសាលា ដោយគ្មានពិដានលេចទឹក បង្អួចបាក់បែក ឬថ្នាក់រៀនមានសិស្សច្រើនលើសចំណុះ។
ភាគច្រើននៃសិស្សទាំងអស់នេះ បានធ្វើដំណើរទៅកាន់សាលារៀនថ្មីជាមួយគ្រួសាររបស់ពួកគេ ដែលបានជម្លៀសខ្លួនដោយសារសង្រ្គាមនៅយេម៉ែន ដែលបានបំផ្លិចបំផ្លាញហេដ្ឋរចនាសម្ព័ន្ធ និងបំផ្លិចបំផ្លាញសាលារៀន ធ្វើឲ្យប៉ះពាល់ដល់ការអប់រំ តាមតំបន់មួយចំនួននៅទូទាំងប្រទេស។
យោងតាមសេចក្តីរាយការណ៍ពីអង្គការសហប្រជាជាតិ(UN)បានឲ្យដឹងថា កុមារជាង ២លាននាក់ ពុំបានចូលរៀននៅប្រទេសយេម៉ែន ដែលជាចំនួនខ្ពស់បំផុតនៃកុមារពុំបានចូលសាលា នៅក្នុងប្រវត្តិសាស្រ្តប្រទេសមួយនេះ ពោលគឺសាលារៀនជាង ២.៥០០កន្លែង រងការខូចខាត ឬរងការបំផ្លិចបំផ្លាញ ហើយ ៦២ភាគរយនៃសិស្សពុំបានចូលរៀនទាំងអស់នេះ គឺជាក្មេងស្រី៕