ចិន ៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) នៅថ្ងៃពុធ (ទី៦ ខែកញ្ញា) នេះ បានលើកឡើងថា ជារឿងសំខាន់ខ្លាំងណាស់ ក្នុងការប្រឆាំងទប់ទល់កុំឲ្យកើតមាន «សង្គ្រាមត្រជាក់ថ្មី» អំឡុងពេលរកដំណោះស្រាយនៃការខ្វែងគំនិតគ្នា រវាងប្រទេសនានា ខណៈដែលមេដឹកនាំពិភពលោក បានមកជួបជុំគ្នា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលដែលមានការប្រកួតប្រជែងគ្នាផ្នែកភូមិសាស្ត្រនយោបាយ នៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ដោយថ្លែងនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង លោក លី បាននិយាយថា ប្រទេសនានា ចាំបាច់ត្រូវ «ដោះស្រាយការខ្វែងគំនិតគ្នា និងជម្លោះឲ្យស្ថិតនៅក្នុងស្ថានភាពមួយ ដែលអាចទទួលយកបាន»។
សូមបញ្ជាក់ថា ប្លុកអាស៊ាន ដែលបានព្រមានពីគ្រោះថ្នាក់នៃការអូសទាញចូលទៅក្នុងជម្លោះរបស់ប្រទេសមហាអំណាច កំពុងជួបប្រជុំជាមួយលោក លី អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងមេដឹកនាំនៃប្រទេសជាដៃគូជាច្រើនទៀត ដែលរួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌា។ តែទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងសមភាគីចិនលោក ស៊ី ជីនពីង (Xi Jinping) សុទ្ធតែមិនបានមកចូលរួមកិច្ចប្រជុំកំពូលនេះដូចគ្នា៕

