ស៊ូដង់៖ ក្រុមមេធាវីសង្គ្រោះបន្ទាន់នៃក្រុមសកម្មជនបាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល៣២នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួស នៅក្នុងការវាយប្រហារកាំភ្លើងធំដោយកងទ័ពស៊ូដង់ ដែលជាតួលេខស្លាប់ខ្ពស់បំផុតពីការប្រយុទ្ធគ្នាក្នុងមួយថ្ងៃ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែមេសាមក។
សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ (៦កញ្ញា) បាននិយាយថា ការបាញ់ផ្លោងកាលពីថ្ងៃអង្គារ បានកើតឡើងនៅក្នុងសង្កាត់ Ombada នៅភាគខាងលិចទីក្រុង Omdurman ដោយជាសង្កាត់មួយដែលបានឃើញការវាយប្រហារដ៏មហន្តរាយជាច្រើន។
ក្រុមសកម្មជនសិទ្ធិមនុស្ស និងអ្នកស្រុកបាននិយាយថា កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ដែលកំពុងប្រយុទ្ធដើម្បីគ្រប់គ្រងប្រទេស បានបាញ់មីស៊ីលចូលទៅក្នុងតំបន់ដែលមានប្រជាជន បណ្តាលឱ្យជនស៊ីវិលរាប់រយនាក់ស្លាប់បាត់បង់ជីវិតនៅក្នុងរដ្ឋធានី Khartoum និងទីក្រុងដទៃទៀត។
គូបដិបក្ខជម្លោះរបស់ស៊ូដង់ទាំងពីរនេះ ដែលបានបែកបាក់គ្នាជុំវិញផែនការដែលគាំទ្រដោយអន្តរជាតិ ក្នុងការរួមបញ្ចូលកងកម្លាំងរបស់ពួកគេអំឡុងការផ្លាស់ប្តូរទៅកាន់លទ្ធិប្រជាធិបតេយ្យ បានបដិសេធការទទួលខុសត្រូវចំពោះការវាយប្រហារ ដែលបានសម្លាប់ជនស៊ីវិលផងដែរ៕

