ប្រទេសចិន បានបញ្ជូនមន្ត្រីជាន់ខ្ពស់មួយរូបទៅកាន់ប្រទេសវៀតណាម ដើម្បីបង្កើន «ទំនុកចិត្តផ្នែកនយោបាយ» រវាងប្រទេសទាំងពីរ មុនពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់ប្រធានាធិបតីអាមេរិក លោកចូ បែដិន ដែលរៀបចំឡើងដើម្បីជំរុញទំនាក់ទំនងការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងហាណូយ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហ័រ បានរាយការណ៍ថា ប្រធាននាយកដ្ឋានអន្តរជាតិនៃបក្សកុម្មុយនិស្តចិន លោក Liu Jianchao (លីវ ជានឆាវ) បានជួបជាមួយមេដឹកនាំបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់វៀតណាម លោក Nguyen Phu Trong (ង្វៀន ភូទ្រុង) ។
សារព័ត៌មាន ស៊ីនហ័រ បាននិយាយថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃពុធ លោក លីវ ក៏បានពិភាក្សាជាមួយសមភាគីវៀតណាមរបស់ខ្លួន និងបានជួបជាមួយក្រុមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសវៀតណាមផងដែរ។ ភាគីទាំងពីរបាននិយាយថា ពួកគេបានយល់ព្រមពង្រឹងការជឿទុកចិត្តគ្នាខាងនយោបាយ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការជួបបញ្ហាប្រឈមនានា។

លោក បៃដិន នឹងត្រូវទៅធ្វើនៅប្រទេសវៀតណាមនៅថ្ងៃអាទិត្យខាងមុខនេះ សម្រាប់ដំណើរទស្សនកិច្ចមួយដែលត្រូវបានគេរំពឹងថា នឹងមានលទ្ធផលក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ដោយទាញវៀតណាមឱ្យឃ្លាតឆ្ងាយពីគន្លងនៃប្រទេសជិតខាងអាស៊ីដ៏ធំរបស់ខ្លួន។
លោក បៃដិន បាននិយាយថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក មានគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាដៃគូដ៏សំខាន់សម្រាប់វៀតណាមផងដែរ៕