ម៉ិចស៊ិក ៖ កាលពីថ្ងៃពុធម្សិលមិញ គណបក្សកាន់អំណាចម៉ិកស៊ិក បានតែងតាំងអតីតអភិបាលក្រុង Mexico City លោកស្រី Claudia Sheinbaum ជាបេក្ខភាពរបស់ខ្លួន សម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ធ្វើឲ្យលោកស្រីស្ថិតនៅលើទីតាំងគោលក្នុងការក្លាយជាមេដឹកនាំស្រ្តីលើកដំបូងរបស់ប្រទេសមួយនេះ ។
លោកស្រី Sheinbaum វ័យ ៦១ឆ្នាំ គឺជាសម្ព័ន្ធមិត្តជិតស្និតរបស់លោកប្រធានាធិបតី Andres Manuel Lopez Obrador ហើយត្រូវបានគេចាត់ទុកថាជាបេក្ខជនចង់បានម្នាក់ឲ្យជ្រើសរើសនៅការស្ទង់មតិជាតិដែលរៀបចំឡើងដោយគណបក្សនិយមឆ្វេងចលនាសង្រ្គោះជាតិ(MORENA) ។
គណបក្ស បាននិយាយថា លោកស្រី បានផ្តួលគូប្រជែងចំនួន ៥នាក់ផ្សេងទៀត ហើយនិងបានឈ្នះរាល់ការស្ទង់មតិ ៥លើកដែលរៀបចំឡើងដើម្បីសម្រេចលទ្ធផល ដោយទទួលបានលទ្ធផលជាមធ្យមប្រហែល ៣៩ភាគរយនៃសំឡេងឆ្នោត ។
ទោះបីជាយ៉ាងណាក៏ដោយ រយៈពេលប៉ុន្មានម៉ោងមុនពេលប្រកាសលទ្ធផលអ្នកឈ្នះ គូប្រជែងប្រកៀកប្រកិតបំផុតរបស់លោកស្រី Sheinbaum ដែលជាអតីតរដ្ឋមន្រ្តីការបរទេសម៉ិកស៊ិកគឺលោក Marcelo Ebrard និយាយថា ការបោះឆ្នោតត្រូវបានបំផ្លាញដោយភាពមិនប្រក្រតី ហើយត្រូវតែរៀបចំឡើងម្តងទៀត ។
លោក Ebrard ពុំមានវត្តមាននោះទេ ពេលដែលលោកស្រី Sheinbaum ត្រូវបានគេប្រកាសថាជាអ្នកឈ្នះ ហើយក្រុមមេដឹកនាំគណបក្ស បាននិយាយការពារដល់លទ្ធផលបោះឆ្នោតមួយនេះ ។
លោកស្រី Sheinbaum និយាយថា នៅថ្ងៃនេះ លទ្ធិប្រជាធិបតេយ្យបានឈ្នះ ។ ថ្ងៃនេះ ប្រជាពលរដ្ឋម៉ិកស៊ិក បានសម្រេចចិត្ត ហើយខ្ញុំគឺជាអ្នកសម្របសម្រួលជាតិ ដើម្បីការពារការផ្លាស់ប្តូរដោយផ្អែកលើកាសម្រេចចិត្តរបស់ប្រជាពលរដ្ឋម៉ិកស៊ិក ៕

