អាមេរិក ៖ ប្រធានផ្នែកដោះស្រាយការឡើងកំដៅពិភពលោកទីមួយរបស់អង្គការសហប្រជាជាតិ បានអំពាវនាវ កាលពីថ្ងៃពុធ (ទី៦ ខែកញ្ញា) ឲ្យបណ្ដាមេដឹកនាំនយោបាយធ្វើការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅឯកិច្ចប្រជុំស្ដីពីអាកាសធាតុ COP28 ក្នុងខែវិច្ឆិកា ដើម្បីទប់ស្កាត់ការកើនឡើងសីតុណ្ហភាពយ៉ាងឆាប់រហ័ស ក្នុងទីក្រុងនានា ជាពិសេស នៅប្រទេសក្រីក្រ។
លោកស្រី Eleni Myrivili ដែលមានភារកិច្ចដោះស្រាយបន្ធូរបន្ថយផលប៉ះពាល់ពីការឡើងកម្ដៅ ក្នុងរដូវក្តៅ ដែលគំរាមកំហែងដល់សុខភាព និងជីវភាពរស់នៅរបស់អ្នករស់នៅទីក្រុងរាប់ពាន់លាននាក់ ជុំវិញពិភពលោក បាននិយាយថា ការស្វែងរកហិរញ្ញវត្ថុ សម្រាប់ដំណោះស្រាយផ្អែកលើធម្មជាតិ និងផែនការសម្របខ្លួនសម្រាប់ទីក្រុង គឺជាឧបសគ្គចម្បងមួយ ចំពោះដំណើរការ។
លោកស្រី Myrivili បាននិយាយក្នុងបទសម្ភាសន៍មួយ នៅឯសន្និសីទ Reuters IMPACT នាទីក្រុងឡុងដ្រ៍ប្រទេសអង់គ្លេសថា៖ «នេះគឺជារដូវក្តៅដ៏អាក្រក់យ៉ាងពិតប្រាកដ សម្រាប់សីតុណ្ហភាព មនុស្ស និងប្រព័ន្ធអេកូឡូស៊ី និងវិស័យកសិកម្ម ហើយនិងសម្រាប់សេដ្ឋកិច្ច។ ក្នុងខែកក្កដា យើងជួបប្រទះនូវកម្ដៅដ៏ក្ដៅបំផុត ដែលកើតមាននៅស្ទើរតែទាំងអស់នៃអឌ្ឍគោលខាងជើង»។
លោកស្រី Myrivili និងបណ្ដាប្រធានដោះស្រាយការឡើងកម្ដៅរបស់ជាតិ នៅជុំវិញពិភពលោក កំពុងផ្តោតទៅលើវិធានការនានា ដូចជាការធ្វើឲ្យទីក្រុងក្នុងទីក្រុងមានលក្ខណៈធម្មជាតិកាន់តែច្រើនឡើង និងការប្រើប្រាស់បច្ចេកទេសកាត់បន្ថយផលប៉ះពាល់នានា ដូចជាថ្នល់កៅស៊ូជះចំណាំងប្លាតពណ៌ស ដែលត្រូវបានបានដាក់ឲ្យប្រើប្រាស់ នៅទីក្រុង Phoenix រដ្ឋ Arizona ជាដើម។ តែក្ដីបារម្ភដ៏បំផុតរបស់លោកស្រី គឺទីក្រុង នៅប្រទេសក្រីក្រ មិនមានសមត្ថភាព ជំនាញស្ថាបត្យកម្ម ឬមូលនិធិ ដើម្បីធ្វើការផ្លាស់ប្តូរដ៏សំខាន់ទាំងនេះ៕

