កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA)បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើងបាន បានបញ្ចេញនាវាមុជទឹកវាយប្រហារដោយនុយក្លេអ៊ែរតាកទិកថ្មីបែបកូរ៉េ កាលពីថ្ងៃពុធ ក្នុងអំឡុង ពិធីមួយចូលរួមដោយមេដឹកនាំប្រទេសនេះ គឺលោក Kim Jong Un ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA លោក Kim បាននិយាយក្នុងអំឡុងពិធីនេះថា នាវាមុជទឹកថ្មីនេះ នឹងបំពេញបេសកកម្មប្រយុទ្ធរបស់ខ្លួនជាមធ្យោបាយវាយលុកក្រោមទឹកដ៏សំខាន់របស់កងកម្លាំងជើងទឹករបស់កូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងជើងដដែលនេះ បានរាយការណ៍ថា នាវាមុជទឹកដែលមានឈ្មោះថា "វីរបុរសគីម គុនអុក" (Hero Kim Kun Ok) នឹងប្រកាសពីការចាប់ផ្តើមនៃជំពូកថ្មីសម្រាប់ការពង្រឹងកម្លាំងទ័ពជើងទឹករបស់កូរ៉េខាងជើង ។
លោក Kim បាននិយាយថា ពុំមានច្រកណាមួយត្រូវដើរថយក្រោយ ក្នុងការជំរុញលើការពង្រីកឧស្សាហកម្មសាងសង់នាវារបស់កងទ័ពជើងទឹកនោះទេ ព្រោះនេះជាកិច្ចការអាទិភាពកំពូលដែលត្រូវបំពេញដោយមិនត្រូវស្គាល់ពាក្យថាបរាជ័យជាដាច់ខាត។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបាននិយាយថាខ្លួនបានធ្វើសមយុទ្ធប្រដូចទៅនឹងការវាយប្រហារពិតៗដោយមីស៊ីលនុយក្លេអ៊ែរកាលពីចុងសប្តាហ៍ដើម្បីព្រមានសហរដ្ឋអាមេរិកពី គ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ។
ប្រភពខាងលើ បានរាយការណ៍នៅពេលនោះថា សមយុទ្ធប្រដូចនឹងការពិតនេះគឺដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នាដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះ។
គួររម្លឹកថា សមយុទ្ធបាញ់គ្រាប់ពិតរបស់អាមេរិក និងកូរ៉េខាងត្បូង ដោយផ្អែកលើការវាយបកប្រឆាំងនឹងកងកម្លាំងឈ្លានពានបានចាប់ផ្តើមនៅថ្ងៃទី៣១ ខែសីហា៕


