កីឡាករប្រណាំងម៉ូតូសញ្ជាតិអៀកឡង់ខាងជើង Jonathan Rea នឹងបញ្ចប់អាជីពប្រណាំងម៉ូតូរយៈពេល ៩ ឆ្នាំជាមួយក្រុមប្រណាំង Kawasaki នៅដំណាច់រដូវកាលនេះ ដោយសម្រេចផ្លាស់ទៅចូលរួមជាមួយ Yamaha វិញ។
ជើងឯកប្រណាំងម៉ូតូ Superbike ពិភពលោក ៦ សម័យកាលរូបនេះ នៅមានកិច្ចសន្យារយៈពេល ១ ឆ្នាំទៀតជាមួយ Kawasaki Racing តែភាគីទាំងពីរព្រមព្រៀងបញ្ចប់កិច្ចសន្យារៀងខ្លួន។

Jonathan Rea បានសំរេចចុះហតហត្ថលេខារយៈពេល ២ ឆ្នាំជាមួយក្រុមថ្មី Yamaha ចាប់ពីឆ្នាំ ២០២៤ ទៅចាប់ដៃគូជាមួយ Andrea Locatelli។
កីឡាករវ័យ ៣៦ ឆ្នាំ Jonathan Rea បានគ្រងជើងឯក Superbike ពិភពលោកទាំង ៦ សម័យកាលជាមួយ Kawasaki រាប់ពីឆ្នាំ ២០១៥ ដល់ ២០២០។
Jonathan Rea នឹងចូលទៅជំនួសតំណែងកីឡាករទួកគី Toprak Razgatlioglu ដែលនឹងចាកចេញទៅចូលរួមជាមួយ BMW នៅឆ្នាំក្រោយ៕ អត្ថបទ៖នាង សុភាវុធ


