កាមេរូន៖ ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ បានបាញ់ប្រហារលើអ្នកដំណើរ និងដុតរថយន្ត អំឡុងពេលមានការវាយប្រហារនៅតំបន់និយាយភាសាអង់គ្លេស ភាគនិរតីនៃប្រទេសកាមេរូន កាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) នេះបើយោងអ្នកស្រុក និងអ្នកសារព័ត៌មាន រ៉យទ័រ ម្នាក់។
សាច់ញាតិជនរងគ្រោះបានកំណត់អត្តសញ្ញាណ និងបានយកសាកសពយ៉ាងហោចណាស់២នាក់ នេះបើយោងតាមអ្នកយកព័ត៌មាន រ៉យទ័រ នៅកន្លែងកើតហេតុ។
អ្នកស្រុកបាននិយាយថា ក្រុមអ្នកវាយប្រហារនោះបានមកដល់កន្លែងកើតហេតុទាំងព្រឹកព្រលឹម និងនៅអំឡុងពេលដែលសាលារៀនបានបើកបវេសនកាលឡើងវិញបន្ទាប់ពីវិស្សមកាលសម្រាករដូវក្តៅ ហើយការវាយប្រហារនោះធ្វើឲ្យមនុស្សជាច្រើននាក់បានស្លាប់។
ក្រុមផ្ដាច់ខ្លួន នៅក្នុងតំបន់មួយចំនួនដែលនិយាយភាសាអង់គ្លេស ជាក្រុមជនជាតិភាគតិចនៃប្រទេសកាមេរូន បានប្រយុទ្ធដើម្បីបំបែករដ្ឋឯករាជ្យមួយ ដែលមានឈ្មោះថា Ambazonia (អាមបាហ្សូនី) ចាប់តាំងពីឆ្នាំ២០១៧មក។
ពួកគេធ្វើការវាយប្រហារ ការចាប់ជំរិត និងប្រព្រឹត្តអំពើឃាតកម្មនៅក្នុងតំបន់ភាគពាយ័ព្យ និងភាគនិរតី នៃប្រទេសនេះផងដែរ៕

