របាយការណ៍ចេញផ្សាយដោយមជ្ឈមណ្ឌលអាកាសធាតុ និងការសិក្សាពីចំណែកពាក់ព័ន្ធអាកាសធាតុពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) បាននិយាយថា កង្វក់បរិស្ថានដោយឧស្ម័នកាបូន បានជំរុញឲ្យកម្ដៅកើនឡើងយ៉ាងខ្លាំង ដល់មនុស្សរាប់ពាន់លាននាក់ក្នុងអំឡុងពេលរដូវក្តៅដ៏ក្តៅបំផុតរបស់ផែនដី។
រយៈពេលមួយថ្ងៃបន្ទាប់ពីរដូវក្តៅឆ្នាំ២០២៣នេះ ត្រូវបានគេដាក់ឈ្មោះថា ជារដូវក្តៅបំផុតក្នុងកំណត់ត្រា អ្នកវិទ្យាសាស្ត្រអាកាសធាតុពិភពលោក លោកស្រីបណ្ឌិត Friederike Otto បាននិយាយថា របាយការណ៍បានបង្ហាញថា បញ្ហាអាកាសធាតុធ្ងន់ធ្ងរបំផុត ដែលបានឃើញក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ឥឡូវនេះបានក្លាយជា «ព្រឹត្តិការណ៍ធម្មតានៅក្នុងអាកាសធាតុបច្ចុប្បន្នរបស់យើងហើយ»។
សេចក្តីព្រាងនៃគោលដៅចរចាអាកាសធាតុរបស់សហភាពអឺរ៉ុបបានបង្ហាញថា បណ្តាប្រទេសសហភាពអឺរ៉ុប កំពុងរៀបចំជំរុញឱ្យមានកិច្ចព្រមព្រៀងសកលស្តីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីល នៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28 ដែលចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខនេះ។
ចំហេះព្រៃ ក៏រួមចំណែកដល់ការកើនឡើងនៃសីតុណ្ហភាពផងដែរ ហើយបើយោងតាមសេវាត្រួតពិនិត្យបរិយាកាស Copernicus របស់សហភាពអឺរ៉ុបបានឲ្យដឹងថា ចំហេះព្រៃនៅក្នុងប្រទេសកាណាដាក្នុងឆ្នាំនេះ បានបញ្ចេញឧស្ម័នកាបូនចំនួន២៩០លានតោន ដែលកើនឡើងទ្វេដងនៃកំណត់ត្រាប្រចាំឆ្នាំពីមុន ហើយការបំភាយឧស្ម័ន នឹងកើនឡើងបន្ថែមទៀត នៅពេលដែលចំហេះរាប់រយករណីនៅតែសកម្មនៅទូទាំងប្រទេសនេះ៕

