ស៊ីរី៖ ការប្រយុទ្ធគ្នានៅតែបន្តដែលបានផ្ទុះឡើងរវាងកងជីវពលកុលសម្ព័ន្ធអារ៉ាប់ និងសមាជិកនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយក្រុមជនជាតិឃឺដនៅភាគឦសានប្រទេសស៊ីរីកាលពីសប្តាហ៍មុនបានសម្លាប់មនុស្សរាប់សិបនាក់ ខណៈមានក្ដីបារម្ភខ្លាំងពីការកើនឡើងបន្ថែមទៀត។
ការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅក្នុងផ្នែកខ្លះនៃខេត្ត ឌៀ អាហ្ស៊រ( Deir Az Zor) បន្ទាប់ពី ក្រុម SDF បានឃាត់ខ្លួនមេបញ្ជាការជាន់ខ្ពស់ អាម៉ាត់ អាល់ ខ្បេល (Ahmad al-Khbeil) ត្រូវបានគេស្គាល់ឈ្មោះថា អាប៊ូ ខាវឡា (Abu Khawla) ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ។
ការចាប់ខ្លួន អាប៊ូ ខាវឡា បានធ្វើឲ្យផ្ទុះកំហឹងដល់សមាជិកផ្សេងទៀតនៃក្រុមប្រឹក្សាយោធា ឌៀ អាហ្ស៊រ ជាកងជីវពលដែលបានប្រយុទ្ធជាផ្នែកមួយនៃកងកម្លាំង SDF គាំទ្រដោយសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០១៦មក ក្នុងការប្រយុទ្ធអស់រយៈពេលជាច្រើនឆ្នាំរបស់ខ្លួនប្រឆាំងនឹងក្រុម ISIL (ISIS) នៅក្នុងប្រទេសស៊ីរី។
កងកម្លាំង SDF គ្រប់គ្រងតំបន់ពាក់កណ្តាលស្វយ័តមួយនៅភាគឦសានរបស់ប្រទេសស៊ីរី ដែលរួមមានផ្នែកធំនៃខេត្ត ឌៀអាហ្ស៊រ និងលាតសន្ធឹងទៅផ្នែកខ្លះនៃទីក្រុង អាឡេប៉ូ (Aleppo) នៅភាគពាយ័ព្យ។
ទាំងកងកម្លាំង SDF ទាំងកងជីវពលកុលសម្ព័ន្ធ បានច្រានចោលដែល ថា ការឃុំខ្លួនលោក Abu Khawla គឺជាហេតុផលនៅពីក្រោយការកើនឡើងនៃអំពើហិង្សានេះ ។
អ្នកនាំពាក្យកងកម្លាំង SDF បានចោទប្រកាន់ទីក្រុង តេអេរ៉ង់(Tehran)និង ដាម៉ាស់ (Damascus)ថា បានបញ្ជូនកងជីវពលកុលសម្ព័ន្ធទៅបង្កការបំផ្លិចបំផ្លាញនៅភាគឦសានប្រទេសស៊ីរី ជាទីដែលភាគច្រើននៃទាហានអាមេរិកជិត ៩០០នាក់ នៅក្នុងប្រទេសនេះ កំពុងឈរជើង៕

