
ក្រុមសកម្មជនបរិស្ថានជិះទូកកៅស៊ូ បានធ្វើបាតុកម្មកាលពីព្រឹកថ្ងៃព្រសហ្បតិ៍ នៅលើកោះទេសចរណ៍ Ruegen របស់អាល្លឺម៉ង់ ដើម្បីទាមទារឲ្យបញ្ឈប់សំណង់ទីតាំងស្តុកឧស្ម័នធម្មជាតិរាវ(LNG) តាមការគ្រោងទុក ។
ក្រុមសកម្មជនទាំងនេះ បានសរសេរពាក្យ “No New Gas(គ្មានឧស្ម័នថ្មី)”ជាអក្សរធំៗនៅលើនាវាចតនៅកំពង់ផែ Mukran ស្ថិតនៅក្បែរការដ្ឋានសាងសង់តាមការគ្រោងទុក ជិតតំបន់ឆ្នេរសមុទ្របាល់ទិក ។
លោក Karsten Smid គឺជាអ្នកជំនាញថាមពលបរិស្ថាន និយាយថា វាគឺជាពេលដែលត្រូវធ្វើឲ្យពួកយើងរួចខ្លួនពីការពឹងផ្អែកលើឧស្ម័នហ្វូស៊ីល ហើយចំណតមួយនេះ បានធ្វើឲ្យគ្រោះថ្នាក់ដល់គោលដៅការពារអាកាសធាតុរបស់អាល្លឺម៉ង់ ។
លោក Smid បន្តថា ផ្ទុយទៅវិញ ក្រុមអ្នកប្រើប្រាស់ ត្រូវការកាត់បន្ថយឲ្យបានច្រើនការប្រើប្រាស់ឧស្ម័នធម្មជាតិ ។
បាតុកម្មកាលពីថ្ងៃព្រហស្បតិ៍ បានកើតមានឡើងបន្ទាប់ពីបាតុកម្មកាលពីខែកក្កដា ពេលដែលក្រុមប្រជាពលរដ្ឋក្នុងស្រុកបង្ហាញការជំទាស់របស់ពួកគេចំពោះផែនការរបស់រដ្ឋាភិបាល ដោយពួកគេនិយាយថា ទីតាំងស្តុកឧស្ម័ន LNG នឹងធ្វើឲ្យប៉ះពាល់អវិជ្ជមានលើរូបភាពកោះទេសចរណ៍ Ruegen ដែលជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ។
សូមបញ្ជាក់ថា អាល្លឺម៉ង់ បានពន្លឿនការសាងសង់ទីតាំងស្តុកឧស្ម័នរបស់ខ្លួន ស្របពេលដែលពួកគេចង់កាត់បន្ថយការពឹងផ្អែកលើបំពង់ផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ៕