ក្រិក ៖ រដ្ឋមន្ត្រីការពារជនស៊ីវិលរបស់ប្រទេស បាននិយាយថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅ ប្រទេសក្រិកភាគកណ្តាល បានកើនឡើងដល់ ១០ នាក់ខណៈ៤ នាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ។ ក្រុមបុគ្គលិកជួយសង្គ្រោះតាមឧទ្ធម្ភាគចក្រ និងទូក បានដឹកជញ្ជូនមនុស្សរាប់រយនាក់កាលពីថ្ងៃសុក្រពីភូមិដែលជន់លិចទៅកាន់ទីទួលសុវត្ថិភាព។ ទឹកជំនន់ដែលបង្កឡើងដោយព្យុះភ្លៀងក៏បានវាយបោកបក់លើប្រទេសជិតខាងប៊ុលហ្គារី និងទួរគីផងដែរ ដោយបានបណ្តាលឲ្យមនុស្សសរុប ២២ នាក់ស្លាប់នៅក្នុងប្រទេសទាំងបីចាប់តាំងពីភ្លៀងបានចាប់ផ្តើមកាលពីថ្ងៃអង្គារ។
នៅប្រទេសក្រិក ព្យុះភ្លៀងបានប្រែក្លាយខ្សែទឹកទៅជាទឹកហូរខ្លាំង ដែលបានទម្លាយទំនប់ទឹក បំផ្លាញផ្លូវថ្នល់ និងស្ពាន និងបានហូរនាំរថយន្តចូលទៅក្នុងសមុទ្រ។ អាជ្ញាធរបាននិយាយថា តំបន់មួយចំនួនទទួលបានទឹកភ្លៀងប្រចាំឆ្នាំជាមធ្យមពីរដងសម្រាប់ទីក្រុង Athens ក្នុងរយៈពេលត្រឹមតែ ១២ ម៉ោងប៉ុណ្ណោះ។ ទោះបីជាព្យុះភ្លៀង បានថយចុះកាលពីថ្ងៃសុក្រក៏ដោយ ប៉ុន្តែទឹកបានបន្តកើនឡើងបន្ទាប់ពីទន្លេ Pineios បានបាក់ច្រាំងទន្លេនៅជិតទីក្រុង Larissa ជាទីក្រុងធំបំផុតមួយរបស់ប្រទេសក្រិកមានប្រជាជនប្រមាណ ១៥០.០០០ នាក់ បង្កឱ្យមានបទបញ្ជាជម្លៀសពលរដ្ឋសម្រាប់តំបន់ជាច្រើន។
គិតត្រឹមរសៀលថ្ងៃសុក្រ មនុស្ស ១.៧០០ នាក់ត្រូវបានជួយសង្គ្រោះតាមទូក និងយានយន្ត ខណៈ២៩៦ នាក់ផ្សេងទៀតត្រូវបាននាំចេញពីតំបន់លិចទឹកតាមឧទ្ធម្ភាគចក្រពី១៤ភូមិ រួមទាំងមនុស្ស ១៥០ នាក់ដែលត្រូវការការថែទាំសុខភាពបន្ទាន់។ អ្នកជួយសង្គ្រោះជាង ១.០០០នាក់ និងឧទ្ធម្ភាគចក្រ ២០គ្រឿង បានចូលរួមនៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ រួមទាំងឧទ្ធម្ភាគចក្រប្រទេសស្វីសចំនួន៣ គ្រឿង ដែលបានស្ថិតនៅក្នុងប្រទេសក្រិកដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធនឹងចំហេះព្រៃដ៏ខ្លាំងក្លាកាលពីពេលថ្មីៗនេះ។

