ម៉ារ៉ុក ៖ ពលរដ្ឋបាននិយាយថា រញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រ នៅប្រទេសម៉ារ៉ុក បានបណ្តាលឲ្យបាក់រលំអគារ ហើយពលរដ្ឋបានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងទីក្រុងជាច្រើនកាលពីល្ងាចថ្ងៃសុក្រ ទី៨ ខែកញ្ញា ប៉ុន្តែទំហំនៃការខូចខាតនៅជិតបំផុតចំណុចកណ្តាលនៅតំបន់ភ្នំ High Atlas ពុំទាន់ដឹងច្បាស់នៅឡើយ។ ពលរដ្ឋទីក្រុង Marrakech ជាទីក្រុងធំមួយដែលនៅជិតបំផុតទៅនឹងចំណុចកណ្តាលបាននិយាយថា អគារមួយចំនួនបានបាក់រលំ។ បណ្តាញទូរទស្សន៍រដ្ឋ បានរាយការណ៍ថាមនុស្ស យ៉ាងហោចណាស់២៩៦ បានស្លាប់ និងជាង១៥០នាក់រងរបួស។
យោងតាមការស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិកបានឲ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅជម្រៅរាក់ ១៨,៥ គីឡូម៉ែត្រ និងបានកើតឡើងនៅចម្ងាយប្រហែល ៧២ គីឡូម៉ែត្រភាគនិរតីទីក្រុង Marrakech និង ៥៦ គីឡូម៉ែត្រភាគខាងលិចទីក្រុង Oukaimeden ក្រោយម៉ោង ១១ យប់ ម៉ោងក្នុងតំបន់។
តំបន់នៃចំណុចកណ្តាលនៅតំបន់ភ្នំ High Atlas ដែលគេស្គាល់ថា Ighil គឺជាតំបន់នៃភូមិកសិកម្មតូចៗ។ ពុំមានការអត្ថាធិប្បាយភ្លាមៗពីមន្ត្រីសង្គ្រោះបន្ទាន់ក្នុងតំបន់ ឬមន្ត្រីរដ្ឋាភិបាលនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសម៉ារ៉ុកទេនោះទេ។
ពលរដ្ឋក្នុងតំបន់ម្នាក់និយាយថា នៅក្នុងទីក្រុង Marrakech លំនៅឋានមួយចំនួននៅក្នុងទីក្រុងចាស់ដែលមានភាពចង្អៀតបានបាក់រលំ ហើយមនុស្សកំពុងធ្វើការដោយដៃដើម្បីទាញយកកម្ទេចកម្ទី ខណៈពួកគេរង់ចាំគ្រឿងចក្រធុនធ្ងន់។

