កំពង់ស្ពឺ ៖ ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយកម្មករ និយោជិត ជិត២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើង អំពីកិច្ចការកំណែទំរង់ជាច្រើនសម្រាប់នីតិកាលទី៧ ជាពិសេសការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រី ត្រូវធ្វើឡើងដោយថ្នាក់ជាតិ និងដោយយុត្តិធម៌។
សម្ដេចធិតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការកែទម្រង់លើការជ្រើសរើសបែបនេះ ដើម្បីឲ្យការងារមានប្រសិទ្ធភាព កុំឱ្យមានតែបរិមាណ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ចំពោះមន្ត្រីជាប់កិច្ចសន្យាក៏ត្រូវតែធ្វើឲ្យមានតម្លាភាពផងដែរ ដោយសម្តេចបានប្រគល់សិទ្ធិជូនសាម៉ីក្រសួងស្ថាប័ន បន្តធ្វើនីតិវិធីដោយធានាជូនសម្តេចអំពីតម្លាភាពនិងយុត្តិធម៌ផងដែរ។ ដោយឡែកកំណែទម្រង់មន្ត្រីខាងក្នុង ដែលមានស្រាប់ គឺធ្វើយ៉ាងណាបែងចែកភារកិច្ចឲ្យបានច្បាស់ធ្វើយ៉ាងណារក្សាចាស់ បង្កើនថ្មី ជាកម្លាំងសរុបដើម្បីធ្វើការជាមួយគ្នា សហការគ្នាឱ្យបានល្អ៕ អត្ថបទ៖ មុត សុទ្ធ



