ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងក្លា នៅក្នុងប្រទេសម៉ារ៉ុក បានកើនឡើងជាង ២ពាន់នាក់ ខណៈដែលមនុស្ស ជាង ១ពាន់នាក់ផ្សេងទៀត បានរងរបួស ។
ក្រសួងមហាផ្ទៃម៉ារ៉ុកនិយាយថា មនុស្សជាង ១.៤០០នាក់ បានរងរបួសធ្ងន់ ហើយគ្រោះថ្នាក់ធ្ងន់ធ្ងរជាងគេបំផុតបានកើតឡើងនៅតាមបណ្តាខេត្តនៅភាគខាងត្បូងទីក្រុង Marrakesh។
ព្រះមហាក្សត្រមហាម៉េដ ទី ៦ បានប្រកាសការកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៣ថ្ងៃ ហើយនិងបញ្ជាឲ្យមានទីជម្រក ស្បៀងអាហារ និងជំនួយផ្សេងទៀត សម្រាប់អ្នករស់រានពីការរញ្ជួយនេះ ខណៈដែលមនុស្សជាច្រើន បានចំណាយពេលយប់ទី២ នៅខាងក្រៅកណ្តាលវាល។

គួរឲ្យដឹងថា ការរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានអង្រួនទីក្រុង Marrakesh និងទីក្រុងជាច្រើនទៀតកាលពីយប់ថ្ងៃសុក្រ។ នៅតាមតំបន់ភ្នំ ភូមិទាំងមូលត្រូវបានរាបដល់ដី។
កំណុំកណ្តាល នៃការរញ្ជួយដីស្ថិតនៅតំបន់ភ្នំ ដែលមានចម្ងាយប្រហែល ៧១គ.មភាគនិរតីទីក្រុង Marrakesh គឺជាទីក្រុងបេតិកភណ្ឌពិភពលោក និងជាទីក្រុងគោលដៅដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរ។
ភាពរំញ័រ បានកើតមានផងដែរនៅក្នុងរដ្ឋធានី Rabat ដែលមានចម្ងាយប្រហែល ៣៥០គ.ម ពីទីក្រុង Marrakesh ក៏ដូចចាទីក្រុង Casablanca, Agadir និងទីក្រុង Essaouira ។
ក្រសួងមហាផ្ទៃម៉ារ៉ុក បាននិយាយទៀតថា ខេត្ត Al Haouz មានចំនួនមនុស្សស្លាប់ច្រើនជាងគេបំផុត បន្ទាប់មកគឺខេត្ត Taroudant ៕

