
កំពង់ឆ្នាំង៖ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានអោយដឹងថា ក្នុងខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន ១៩នាក់បន្ថែម សម្រាប់ការធ្វើតេស្តសំណាកនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នាំអោយអ្នកឆ្លងជំងឺកូវីដនៅក្នុងខេត្តកើនឡើងរហូតដល់២១៦នាក់។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបន្តថា ករណីវិជ្ជមានកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង បានរកឃើញជាបន្តបន្ទាប់ចាប់ពីអំឡុងចុងខែមីនា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ដែលសុទ្ធសឹងជាករណីនាំចូលពីក្រុងភ្នំពេញ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់។
ដោយឡែកនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន ១៩នាក់ថ្មីបន្ថែមទៀត ធ្វើអោយអ្នកឆ្លងកូវីដ១៩នៅខេត្តកំពង់ឆ្នាំង កើនដល់ ២១៦នាក់ ក្នុងនោះ មានករណីជាសះស្បើយចំនួន ៣២នាក់, ករណីស្លាប់ចំនួន ០៣នាក់, និងកំពុងដាក់អោយសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចសរុបចំនួន ១៨១នាក់។
អ្នកឆ្លងជំងឺកូវីដ១៩ជាករណីថ្មី ដែលក្រុមការងារទើបរកឃើញ គឺមាននៅក្នុងឃុំពាម និងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យចំនួន៣នាក់, ក្នុងឃុំច្រេស និងឃុំពានី ស្រុកកំពង់ត្រឡាចចំនួន ០២នាក់, នៅក្នុងឃុំអភិវឌ្ឍន៍ និងឃុំចោងម៉ោង ស្រុកទឹកផុសចំនួន ០៧នាក់, ក្នុងឃុំជ្រៃបាក់ ឃុំអណ្តូងស្នាយ និងឃុំទឹកហូត ស្រុករលាប្អៀរចំនួន៧នាក់, និងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងចំនួន ០១នាក់។
ចំពោះអ្នកជំងឺកូវីដ១៩ ដែលរកឃើញថ្មីទាំង ១៩នាក់នោះ ភាគច្រើនជាកម្មករកម្មការិនីនៅតាមរោងចក្រ ហើយក្រុមការងារបានដាក់អោយសំរាកព្យាបាលនៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្រុកកំពង់ត្រឡាចទាំងអស់។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានបន្តអំពាវនាវដ៏ទទូចដល់អាជ្ញាធរមូលដ្ឋានដែលមានកម្មករកម្មការនីស្នាក់នៅទាំងអស់ យកចិត្តទុកដាក់គ្រប់គ្រងក្រុមគ្រួសារអ្នកទាំងនោះអោយធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋាន ទីសំណាក់រៀងៗខ្លួនអោយបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។
បន្តតាមដានសុខភាពរបស់បងប្អូន និងជួយដោះស្រាយការលំបាកនានាក្នុងគ្រួសារនីមូយៗតាមជាក់ស្តែង។ រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ដែលរដ្ឋបាលខេត្តបានបង្ហាញជូនហើយនោះ សូមមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ឬមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសសូមបន្តអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការណ៍ «៣ការពារ និង៣កុំ» ដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង៕ អត្ថបទ៖ ហុង វាស្នា