ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានទទួលជួបសន្ទនាការងារជាមួយលោកស្រី ប៉ាទ្រីស្យា អុងពីន (Patricia Ongpin) នាយិកាអង្គការយូអិនអេដស៍ ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី, នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍។
ប្រធានបទនៃកិច្ចពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗដូចតទៅ ៖-ការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ (UNAIDS PCB) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស, -សេចក្តីប្រកាសរបស់ប្រទេសអាស៊ានស្តីពីជំងឺអេដស៍,-គោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍, -ការអង្កេតថ្នាក់ជាតស្តីអំពីការចំណាយក្នុងការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ និងផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦និងយន្តការសម្របសម្រួលការឆ្លើយតបជាពហុវិស័យទៅនឹងជំងឺអេដស៍។
ជាកិច្ចចាប់ផ្តើម លោកស្រី ប៉ាទ្រីស្យា អុងពីន បានថ្លែងអំណរសាទរចំពោះឯកឧត្តមទេសរដ្ឋមន្រ្តី ដែលបានទទួលការទុកចិត្តពីថ្នាក់ដឹកនាំកម្ពុជា ឱ្យបន្តដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ លោកស្រីនាយិកាបានជូនពរឯកឧត្តមទេសរដ្ឋមន្រ្តីឱ្យបានទទួលជោគជ័យថ្មីៗ ថែមទៀតក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ នៅក្នុងអាណត្តិថ្មីដែលទើបចាប់ផ្តើមនេះ។ ពាក់ព័ន្ធនឹងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអនិអេដស៍ លោកស្រី បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីថា កិច្ចប្រជុំនេះនឹងធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ចាប់ពីថ្ងៃទី១២ ដល់១៤ ខែធ្នូ ឆ្នាំ២០២៣។ នេះជាអង្គប្រជុំវគ្គទី២ បន្ទាប់ពីវគ្គទី១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦-២៨ ខែមិថុនា ឆ្នាំ២០២៣ ហើយដែលនឹងលើកយកប្រធានបទអំពីការធ្វើតេស្តឈាមរកមេរោគអេដស៍ និងអំពីមេរោគអេដស៍ (HIV)។
លោកស្រីនាយិកា បានសម្តែងការកោតសរសើរចំពោះគណៈប្រតិភូកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំវគ្គទី១ ដែលបានលើកមតិជួយតម្រង់ផ្លូវក្នុងការពង្រឹងការងាររបស់អង្គការយូអិនអេដស៍ ក៏ដូចជាចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធ នឹងជំងឺអេដស៍នៅព្រះរាជាណាចក្រកម្ពុជា។ ត្រង់ចំណុចនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនដៃគូសន្ទនាថា ឯកឧត្តមទេសរដ្ឋមន្រ្តីនឹងដឹកនាំផ្ទាល់នូវគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំវគ្គទី២ នៅទីក្រុងហ្សឺណែវ។
ទាក់ទងនឹងការអង្កេតថ្នាក់ជាតិស្តីអំពីការចំណាយក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងការរៀបចំផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងពិគ្រោះយោបល់ជាមួយអង្គការយូអិនអេដស៍ ដើម្បីរៀបចំឯកសារទាំង២នេះ។ ក៏ប៉ុន្តែកិច្ចការជាបន្ទាន់នោះ អាជ្ញាធរ ត្រូវរៀបចំឱ្យហើយនូវសេចក្តីព្រាងគោលនយោបាយជាតិលុបបំបាត់អេដស៍នៅឆ្នាំ២០២៥ និងចីរភាពនៃកម្មវិធីអេដស៍ ឆ្នាំ២០២៣-២០២៨ ដើម្បីជូនគណៈរដ្ឋមន្រ្តីថ្មីអនុម័ត។ គោលនយោបាយជាតិលុបបំបាត់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ជាមូលដ្ឋានគ្រឹះនៃការរៀបចំការវាយតម្លៃអំពីចំណាយ និងជាត្រីវិស័យនៃការរៀបចំផែនការយុទ្ធសាស្រ្តជាតិឆ្លើយតប នឹងជំងឺអេដស៍ លើកទី៦។
ជាថ្មីម្តងទៀត លោកស្រី ប៉ាទ្រីស្យា អុងពីន បានបញ្ជាក់ថា អង្គការយូអិនអេដស៍ នឹងផ្តល់ការគាំទ្របច្ចេកទេស និងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីជួយជំរុញការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជាឱ្យបានសម្រេចជោគជ័យតាមកាលកំណត់របស់រាជរដ្ឋាភិបាល៕អត្ថបទ រដ្ឋា