ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រកាសបន្ដធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា អមជាមួយការស្នើឲ្យក្រសួងអប់រំ យុវជន និងកីឡា បន្ដយកចិត្តទុកដាក់ ដើម្បីជំរុញការអភិវឌ្ឍកីឡាមួយនេះ ឲ្យកាន់តែរីកចម្រើនថែមទៀត ។
ការប្រកាសបន្ដដឹកនាំសហព័ន្ធនេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF នៃការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១០ ខែកញ្ញានេះ បន្ទាប់ពីឯកឧត្តមធ្លាប់បានលើកឡើងពីគម្រោងលាលែងពីតំណែងប្រធានសហព័ន្ធ កាលពីពេលកន្លងទៅ ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី បានសម្ដែងការសប្បាយចិត្ត ក្នុងបន្ដដឹកនាំសហព័ន្ធ ទោះបីឯកឧត្តមមមាញឹកជាមួយការងាររដ្ឋយ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធ ក៏ដូចជាគ្រូបង្វឹក និងកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF ។
អ្វីដែលពិសេស គឺឯកឧត្តមកាន់តែរីករាយ ក្នុងការបន្ដតំណែងជាប្រធានសហព័ន្ធ បន្ទាប់ពីមើលឃើញធនធានបន្ដវេនប្រកបដោយសក្ដានុពល គ្រប់កម្រិត តាំងពីកម្រិតថ្នាល រហូតដល់ពេញវ័យ តាមរយៈការប្រកួតកីឡាសិស្សបឋមសិក្សា រហូតដល់កីឡាមធ្យមសិក្សា ប្រកបដោយបច្ចេកទេស ទាំងក្បាច់គុន និងវិន័យ ។

ឆ្លៀតឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានអរគុណក្រសួងអប់រំ យុវជន និងកីឡា ដែលតែងយកចិត្តទុកដាក់ ចំពោះកីឡាតេក្វាន់ដូ ITF ហើយឯកឧត្តមក៏បានសំណូមពរឲ្យក្រសួង បន្ដយកចិត្តទុកដាក់ និងគាំទ្របន្ដទៀត សម្រាប់ធនធានកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា ដែលមានស្រាប់។
ឯកឧត្តម កែវ រ៉េមី មានសុទិដ្ឋិនិយមយ៉ាងមុតមាំថា កីឡាតេក្វាន់ដូ ITF នឹងនាំមកនូវកិត្តិយសជូនជាតិ តាមរយៈការប្រកួតអន្ដរជាតិនានា ទាំងក្នុង និងក្រៅប្រទេស ដោយផ្អែកលើភាពរីកចម្រើនរបស់កីឡាករ-កីឡាការិនីគ្រប់កម្រិត ដ្បិតកីឡាតេក្វាន់ដូ ITF មិនបានចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ កាលពីថ្មីៗក៏ដោយ ៕ អត្ថបទ លី ឈុនឡា

