លោក Charlie Than រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី នៅក្នុងការលើកឡើងដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ថា សហភាពមីយ៉ាន់ម៉ា បានទទួលការដឹកជញ្ជូនលើកដំបូងនៃយន្តហោះចម្បាំង Su-30 របស់រុស្ស៊ី ចំនួនពីរគ្រឿង។

លោក Than បានប្រាប់សារព័ត៌មាន RIA នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ា ដែលជាវេទិកាប្រចាំឆ្នាំរបស់រុស្ស៊ី មានគោលបំណងអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងលើកទឹកចិត្តដល់ការវិនិយោគបរទេស ដែលចាប់ផ្តើមនៅថ្ងៃអាទិត្យ (១០ កញ្ញា) នៅទីក្រុងកំពង់ផែ Vladivostok ថា «យន្តចំនួនហោះពីរគ្រឿងត្រូវបានដឹកជញ្ជូនមកដល់មីយ៉ាន់ម៉ារួចហើយ»។
សារព័ត៌មាន RIA បាននិយាយថា ប្រទេសរុស្ស៊ី និងមីយ៉ាន់ម៉ា បានចុះហត្ថលេខាលើកិច្ចសន្យាមួយនៅក្នុងខែកញ្ញា ឆ្នាំ២០២២ សម្រាប់ការចែកចាយយន្តហោះចម្បាំង Su-30SME ចំនួន៦គ្រឿង។
សហរដ្ឋអាមេរិកបានព្រមានថា ការគាំទ្ររបស់រុស្ស៊ីសម្រាប់មេដឹកនាំយោធាមីយ៉ាន់ម៉ានេះ គឺមិនអាចទទួលយកបានទេ ហើយនិងធ្វើឱ្យមានអស្ថិរភាព ជាមួយនឹងការផ្គត់ផ្គង់អាវុធ ដោយអាចជួយបញ្ឆេះជម្លោះ ដែលក្លាយជាមហន្តរាយសម្រាប់ប្រទេសនេះផងដែរ៕

