ក្រសួងការពារជាតិកោះតៃវ៉ាន់ និយាយនៅថ្ងៃចន្ទនេះថា កងនាវានៃកងទ័ពជើងទឹកចិន ដឹកនាំដោយនាវាដឹកយន្តហោះ Shandong បានធ្វើដំណើរឆ្លងកាត់ដែនទឹកស្ថិតនៅចម្ងាយប្រហែល ១១១គ.ម ភាគអាគ្នេយ៍កោះតៃវ៉ាន់ និងបានចូលទៅកាន់សមុទ្រប៉ាស៊ីហ្វិកខាងលិច សម្រាប់ការធ្វើសមយុទ្ធ ។

ក្រសួងការពារជាតិកោះតៃវ៉ាន់ បន្តទៀតថា នៅវេលាម៉ោង ៥ និង ៤០នាទីព្រឹកថ្ងៃចន្ទនេះ ពួកគេបានប្រទះឃើញផងដែរ យន្តហោះយោធាចិនចំនួន ១១គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 ស្ថិតនៅតំបន់កំណត់ដែនអាកាសកោះតៃវ៉ាន់ ហើយកងកម្លាំងរបស់ខ្លួន បានឆ្លើយតបដ៏ត្រឹមត្រូវវិញ ។
នាវាដឹកយន្តហោះ Shandong ដែលបានដាក់ឲ្យដំណើរការកាលពីឆ្នាំ ២០១៩ បានចូលរួមសមយុទ្ធយោធាចិន នៅជុំវិញកោះតៃវ៉ាន់ កាលពីខែមេសា ដោយប្រតិបត្តិការនៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងលិច ។ វាបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីខែមិថុនាផងដែរ ។
ដោយឡែក នាវាចម្បាំងសហរដ្ឋអាមេរិក និងកាណាដា បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ ដើម្បីចាប់ផ្តើមបេសកកម្មរួមគ្នាជាលើកទី ២របស់ពួកគេ ចាប់តាំងពីខែមិថុនា ហើយនិងគាប់ជួនជាមួយក្រុមមេដឹកនាំប្រទេសទាំង ២ចូលរួមកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G20 នៅក្នុងប្រទេសឥណ្ឌា ។
ចិនដែលពុំធ្លាប់បោះបង់ចោលការប្រើប្រាស់កម្លាំងដើម្បីដណ្តើមកោះតៃវ៉ាន់ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនវិញនោះ បានបង្កើនសកម្មភាពយោធារបស់ពួកគេនៅជិតកោះគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះ ដើម្បីជាការឆ្លើយតបចំពោះអ្វីដែលពួកគេចាត់ទុកថាជា “ការឃុបឃិតគ្នា”រវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក ៕
