
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបន្តហាមឃាត់ការលក់ដូរ និងជួបជុំទទួលទានគ្រឿងស្រវឹងរយៈពេល ២សប្ដាហ៍ទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការបន្តហាមឃាត់បែបនេះ គឺអនុវត្តចាប់ពីថ្ងៃស្អែកនេះរហូតទៅដល់ថ្ងៃទី១០ ខែមិថុនាខាងមុខនេះ។
រដ្ឋបាលខេត្តនេះ បានព្រមានថា ប្រសិនបើម្ចាស់អាជីវកម្មលក់គ្រឿងស្រវឹង និងប្រជាពលរដ្ឋ មិនអនុវត្តតាមសេចក្ដីណែនាំនេះ ពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការរដ្ឋបាល និងវិធានការច្បាប់ផងដែរ។
ការលក់ដូរ និងការជួបជុំទទួលទានគ្រឿងស្រវឹងនៅខេត្តជាប់មាត់ឆ្នេរសមុទ្រមួយនេះ និងបណ្ដាខេត្តដទៃទៀតនៅទូទាំងប្រទេស ត្រូវបានហាមឃាត់ជាច្រើនសប្ដាហ៍មកហើយ បន្ទាប់ពីកម្ពុជាប្រឈមមុខនឹងការផ្ទុះការឆ្លងរីករាលដាលកាន់តែខ្លាំងនៃមេរោគកូវីដ-១៩៕