ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានទទួលជួបសន្ទនាការងារជាមួយលោកជំទាវបណ្ឌិត ឌីវីយ៉ានី អ៊ុតាម ខប្រាហ្គេដ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនឹងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ។
លោកជំទាវ ឯកអគ្គរដ្ឋទូត បានសម្តែងនៅការអបអរសាទរ ឯកឧត្តម រដ្ឋមន្រ្តីដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន តួនាទីជារដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនាឱកាសនេះ លោកជំទាវ មានបំណងជំរុញ និងចងសម្ព័ន្ធមេត្រីភាពរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសឥណ្ឌា តាមរយៈក្រសួងធម្មការ និងសាសនាកម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះអនុស្សារណៈយោគយល់គ្នាលើលិខិតមួយចំនួនទាក់ទងទៅ និងវិស័យព្រះពុទ្ធសាសនា និងស្នើសុំឯកឧត្តម រដ្ឋមន្រ្តី ចុះកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលមន្រ្តីរាជការរបស់ក្រសួង វគ្គសិក្សាខ្លី ស្តីពីអភិបាលកិច្ចល្អនៅប្រទេសឥណ្ឌា ព្រមទាំងបានស្នើសុំឯកឧត្តម រដ្ឋមន្រ្តី អញ្ជើញចូលរួមជាអធិបតីនៅកម្មវិធី សូត្រព្រះត្រៃបិដក ប្រារព្ធធ្វើឡើងនៅប្រទេសឥណ្ឌា ដែលធ្វើឡើងជារៀងរាល់១០ឆ្នាំម្តង ក្នុងនោះក៏មានវេនរបស់ប្រទេសកម្ពុជា ធ្វើជាម្ចាស់កម្មវិធីផងដែរ។
ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សូមថ្លែងអំណរគុណចំពោះ លោកជំទាវ ឯកអគ្គរដ្ឋទូតដែលកន្លងមកបានផ្តល់ កុំព្យូទ័រ មកដល់ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ដើម្បីជាធនធានក្នុងការបណ្តុះបណ្តាលដល់សាមណនិស្សិត និស្សិត និងសូមថ្លែងអំណរគុណចំពោះលោកជំទាវ ដែលបានស្វះស្វែងនៅការបន្តចុះកិច្ចសហប្រតិបត្តិការជាមិត្តភាពដែលមានស្រាប់រវាងកម្ពុជា និងឥណ្ឌា។ ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី បានទទួលការអញ្ជើញពីលោកជំទាវ នៅការចូលរួមក្នុងកម្មវិធី វិបស្សនាអន្តរជាតិ ដែលប្រារព្ធធ្វើនៅរាជធានីភ្នំពេញ សម្រាប់ពេលវេលា លោកជំទាវសូមជម្រាបនៅពេលក្រោយ។
ដោយឡែក ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានជម្រាបជូនផងដែលថា ឯកឧត្តម និងជំរុញដល់មន្រ្តីជំនាញសិក្សាលើសំណើរសុំដង្ហែព្រះបរមសារីរិកធាតុ នៃព្រះសមា្មសម្ពុទ្ធពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសកម្ពុជាឲ្យបានឆាប់រហ័ស និងល្អិតល្អន់ ដោយឯកឧត្តមបានបញ្ជាក់ផងដែលថា ពិធីដង្ហែនេះចាត់ទុកថាជាកម្មវិធីថ្នាក់ប្រទេស និងប្រទេស ដូចនេះឯកឧត្តមសូមពេលវេលាដើម្បីសិក្សាលំអិតជាមុនសិន ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តម ចាយ បូរិន សង្ឃឹមថា ចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌា ដែលមានស្រាប់លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ កាន់តែរឹងមាំឡើងថែមទៀត ពិសេសតាមរយៈក្រសួងធម្មការ និងសាសនា និងជំរុញបន្ថែមលើវិស័យព្រះពុទ្ធសាសនា ក្នុងនាមយើងជាប្រទេសកាន់វិស័យព្រះពុទ្ធសាសនាដូចគ្នា ៕ អត្ថបទ ៖ រដ្ឋា







