អាមេរិក ៖ មន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក និយាយថា ព្យុះសង្ឃរា Leeបានបង្កើនកម្លាំងរបស់វាឡើងវិញ ពេលដែលវាបោកបក់ឆ្លងកាត់តំបន់ភាគពាយ័ព្យមហាសមុទ្រអាត្លង់ទិក ហើយត្រូវបានគេរំពឹងថា នឹងនាំឲ្យកើតមានរលកសមុទ្រធំៗប្រកបដោយគ្រោះថ្នាក់ និងចរន្តព្យុះខ្លាំងនៅតំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ។
ព្យុះដែលស្ថិតនៅចម្ងាយប្រហែល ៤៥៥គ.មភាគឦសានឈៀងខាងជើងកោះ Leeward នឹងធ្វើដំណើរឆ្លងកាត់ដែនដីព័រតូ រីកូ កោះ Virgin របស់សហរដ្ឋអាមេរិក និងកោះជាច្រើនទៀតនៅក្នុងតំបន់ការ៉ាអ៊ីប។
ក្រុមអ្នកព្យាករណ៍ឧតុនិយម បាននិយាយថា ព្យុះ Lee បោកបក់ក្នុងកម្លាំងខ្យល់បក់ ១៩៥គ.មក្នុង១ម៉ោង ហើយវាបានបង្កើនកម្លាំងរបស់វាឡើងវិញក្នុងនាមជាព្យុះកម្រិតទី ៣ ក្រោយថមថយមកនៅព្យុះកម្រិតទី ២ កាលពីព្រឹកថ្ងៃអាទិត្យ ហើយអាចនឹងបង្កើនកម្លាំងបន្ថែមទៀត នៅថ្ងៃនេះ ឬថ្ងៃស្អែក ។
ក្រុមអ្នកព្យាករណ៍ឧតុនិយម និយាយថា វាឆាប់រហ័សពេកហើយក្នុងការព្យាករណ៍ពីទំហំនៃផលប៉ះពាល់បង្កឡើងដោយសារព្យុះមួយនេះ ពេលដែលព្យុះ Lee បោកបក់ឆ្លងកាត់តំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក ខេត្ត Atlantic Canada របស់កាណាដា ឬដែនដី Bermuda របស់អង់គ្លេស ជាពិសេសនៅពេលដែលវាបោកបក់ឆ្លងកាត់តំបន់ភាគនិរតីសមុទ្រអាត្លង់ទិក ។
ក្រុមអាជ្ញាធរ បានណែនាំឲ្យប្រជាពលរដ្ឋចៀសឆ្ងាយពីតំបន់ឆ្នេរ ដើម្បីជាការត្រៀមខ្លួនការមកដល់របស់ព្យុះ ។
សូមបញ្ជាក់ថា ព្យុះ Lee បានបង្កើនកម្លាំងរបស់វាជាព្យុះកម្រិតទី ៥នៅដើមសប្តាហ៍នេះ មុនពេលវាថមថយកម្លាំងមកនៅជាព្យុះកម្រិតទី ៣វិញ ៕

