
ក្រុមប្រឆាំងឥស្លាមនិយមនៅក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីនដ៏ធំបំផុតរបស់ប្រទេសលីបង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេនឹងគោរពបទឈប់បាញ់ បន្ទាប់ពីការប៉ះទង្គិចគ្នារយៈពេលបីថ្ងៃ បានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ និងបានធ្វើឲ្យមនុស្សរាប់រយគ្រួសារផ្លាស់ទីលំនៅ។
ការប្រយុទ្ធគ្នារវាងចលនា Fatah របស់ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាខ្មូត អាបាស (Mahmoud Abbas) និងក្រុមឥស្លាមនិយម បានធ្វើឲ្យរង្គោះរង្គើដល់ជំរំជនភៀសខ្លួន Ein el-Hilweh ភាគខាងត្បូងនៃប្រទេសលីបង់ ចាប់តាំងពីថ្ងៃសុក្រ។ ចលនា Fatah និងបក្ខពួកផ្សេងទៀត នៅក្នុងជំរំមានគោលបំណងបង្ក្រាបជនសង្ស័យ ដែលត្រូវបានចោទប្រកាន់ថា បានសម្លាប់ឧត្តមសេនីយ៍យោធាម្នាក់របស់ពួកគេ កាលពីចុងខែកក្កដា។
លោកវេជ្ជបណ្ឌិត Riad Abu Al-Einen ដែលជាប្រធានមន្ទីរពេទ្យ Al-Hamshari ក្នុងទីក្រុងស៊ីដុន (Sidon) ដែលបានទទួលជនរងគ្រោះ បានប្រាប់សារព័ត៌មាន AP ក្រៅពីអ្នកស្លាប់ទាំង៥នាក់នោះ មនុស្ស៥២នាក់ផ្សេងទៀត បានរងរបួស។ ចំណែកទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថា មនុស្ស៤នាក់ បានស្លាប់ និង ៦០នាក់ផ្សេងទៀត រងរបួស។
យោធាលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហាន៥នាក់ បានរងរបួស បន្ទាប់ពីគ្រាប់ផ្លោងចំនួន ៣គ្រាប់ បានធ្លាក់ចូលទៅក្នុងប៉ុស្តិ៍ត្រួតពិនិត្យរបស់កងទ័ពជុំវិញជំរំនោះ។ ទាហានម្នាក់ដែលបានរងរបួស ស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ។