អាមេរិក៖ អ្នកនាំពាក្យកងទ័ពអាមេរិកបាននិយាយថា អាមេនី និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាមួយកាលពីថ្ងៃចន្ទ (១១ ខែកញ្ញា) នៅពេលមានភាពតានតឹងខ្លាំងនៅក្នុងទំនាក់ទំនងអាមេនីជាមួយប្រទេសជិតខាង អាស៊ែបៃហ៊្សង់។
សមយុទ្ធ «ដៃគូឥន្ទ្រី» រយៈពេល១០ថ្ងៃនេះ មានទាហានអាមេរិកចំនួន៨៥នាក់ និងទាហានអាមេនីចំនួន១៧៥នាក់ ហើយត្រូវបានធ្វើឡើងដើម្បីរៀបចំជនជាតិអាមេនីឱ្យចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពអន្តរជាតិ ហើយសមយុទ្ធនេះកំពុងធ្វើឡើងនៅកន្លែងហ្វឹកហាត់ចំនួនពីរក្បែររដ្ឋធានីយ៉េរ៉េវ៉ាន់ (Yerevan) ប្រទេសអាមេនី។
អាមេនី និងអាស៊ែបៃហ្សង់ ដែលនៅជិតខាង បានប្រយុទ្ធគ្នាក្នុងសង្រ្គាមចំនួន២ អស់រយៈពេលបីទសវត្សរ៍ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត ហើយភាគីនីមួយៗបានចោទប្រកាន់ភាគីម្ខាងទៀតក្នុងប៉ុន្មានសប្តាហ៍មុន អំពីការបង្កើតកងទ័ពនៅជិតព្រំដែនផងដែរ៕

