ឥណ្ឌូណេស៊ី ៖ ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកកំពុងសំឡឹងមើលការនាំចូលអង្ករពីបណ្តាប្រទេសនៅអាស៊ីដ៏ទៃទៀត ដូចជាប្រទេសចិន ឥណ្ឌា កម្ពុជានិងបង់ក្លាដែស ដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើង។
លោក Widodo បាននិយាយអំឡុងដំណើរចុះពិនិត្យរបស់លោកទៅកាន់ឃ្លាំងរបស់ទីភ្នាក់ងារភស្តភារជាតិរបស់ប្រទេស (Bulog) ក្នុងទីក្រុង Bogor ភាគខាងលិចខេត្តជ្វា ដែលបច្ចុប្បន្នទីភ្នាក់ងារនេះ មានអង្ករមិនតិចជាង១,៦លានតោននោះទេ នៅក្នុងស្តុក ដែលមានគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការបច្ចុប្បន្ន។
ទោះជាយ៉ាងណា លោកបាននិយាយថា ការនាំចូលនៅតែចាំបាច់ដើម្បីដោះស្រាយផលប៉ះពាល់ដោយបាតុភូត El Nino នៅឆ្នាំនេះ និងដើម្បីធានាបានការផ្គត់ផ្គង់រហូតដល់ឆ្នាំក្រោយ។
លោក Widodo បានប្រាប់អ្នកសារព័ត៌មានថា នេះគឺត្រូវធានាបានថា យើងមានការបម្រុងទុកនៅក្នុងស្តុកដើម្បីទប់ស្កាត់ការកើនឡើងតម្លៃ ព្រោះថា ការផលិតត្រូវបានគេរំពឹងថាធ្លាក់ចុះដោយសារតែបាតុភូត El Nino។
ទាក់ទងទៅនឹងផែនការនាំចូល លោក Widodo និយាយថា លោកបានពិភាក្សាអំពីបញ្ហានេះជាមួយមេដឹកនាំប្រទេសនៅអាស៊ី អំឡុងកិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន លើកទី៤៣ ក្នុងទីក្រុងហ្សាកាតា កាលពីសប្តាហ៍មុន។

