
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃអង្គារ(ទី១២ ខែកញ្ញា) នេះ បានប្រាប់ថា ការកើនឡើងអតិផរណា បានជំរុញឲ្យធនាគារកណ្តាលដំឡើងអត្រាការប្រាក់ដល់ ១២ភាគរយ កាលពីខែមុន ដោយព្រមានថា សេដ្ឋកិច្ចរបស់រុស្ស៊ី នឹងជួបការលំបាក ប្រសិនបើតម្លៃ ត្រូវបានបណ្ដោយឲ្យកើនឡើងហួសពីការគ្រប់គ្រងបាន។
នៅឯវេទិកាសេដ្ឋកិច្ចបូព៌ា នៅទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) លោកពូទីន បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងលក្ខខណ្ឌនៃការឡើងអតិផរណាខ្ពស់ ជារឿងដែលមិនអាចទៅរួចនោះទេ ក្នុងការបង្កើតផែនការអាជីវកម្មបាន»។
ជាមួយគ្នានេះ លោក ពូទីន បាននិយាយថា លោកមិនមានបញ្ហាជាមួយនឹងការឡើងចុះនៃតម្លៃប្រាក់រូប្លិ៍ទេ ហើយអាជ្ញាធរមានប្រព័ន្ធស្តុកទុក ដើម្បីរក្សារូបិយប័ណ្ណ និងទីផ្សារឲ្យស្ថិតនៅក្រោមការគ្រប់គ្រង។
ប្រាក់រូប្លិ៍បានឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិត ៦សប្តាហ៍ ធៀបនឹងប្រាក់ដុល្លារ ក្នុងការជួញដូរ នៅព្រឹកថ្ងៃអង្គារ ដោយការឡើងនេះ ទទួលបានការជំរុញពីការបង្កើនការលក់រូបិយប័ណ្ណបរទេសបន្តិចម្តងៗ ដោយក្រុមហ៊ុននាំចេញ ហើយធ្វើឲ្យមានការរំពឹងទុកកាន់តែខ្ពស់ថា ធនាគារកណ្តាល អាចនឹងដំឡើងអត្រាការប្រាក់ម្តងទៀត ក្នុងសប្តាហ៍នេះ៕