សៀមរាប៖ កីឡាករ កីឡាការិនីដែលជាសិស្សមធ្យមសិក្សារបស់ខេត្តសៀមរាប ត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរខេត្ត មន្ទីរអប់រំយុវជន និងកីឡា បន្ទាប់ពីត្រឡប់មកដល់ខេត្ត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយឈ្នះមេដាយច្រើនគ្រឿងពីការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣។
លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រង់ចំាទទួល និងស្វាគមន៍ អត្តពលិក និងសំណេះសំណាល ក៏ដូចជាថ្លែងអំណរអរគុណដល់ កីឡាករទាំងអស់ដែលបានខិតខំប្រឹងប្រែងប្រកួត និងដណ្តើមបានមេដាយ មាស ប្រាក់ និងសំរឹទ្ធ ជូនខេត្តសៀមរាប។

លោក ជូន សុវណ្ណឌី ប្រធានការិយាល័យកីឡាខេត្ត បានបញ្ជាក់ថា កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិនេះ ដំណើរការប្រកួតពីថ្ងៃទី០៣ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនោះខេត្តសៀមរាប បានបញ្ជូនប្រតិភូកីឡាករ កីឡាការិនីសិស្ស ១៨៥នាក់ ប្រកួតលើ១០ប្រភេទកីឡាក្នុងចំណាម១២ប្រភេទកីឡាដែលដាក់ឱ្យប្រកួត។
លោកបន្តថា ៧ប្រភេទកីឡាដែលដណ្តើមបានមេដាយមាន កីឡាបាល់ទាត់នារី មេដាយមាស បាល់ទាត់បុរសមេដាយប្រាក់ បាល់ទះបុរសដណ្តើមបានមេដាយសំរឹទ្ធ បាល់បោះបុរស ឈ្នះមេដាយមាស និងនារីមេដាយសំរឹទ្ធ អត្តពលិកម្មដណ្តើមបានមេដាយមាស០៤គ្រឿង ប្រាក់០១ គ្រឿង និងសំរឹទ្ធ០១គ្រឿង កីឡាល្បុក្កតោ ឈ្នះមេដាយមាស០២គ្រឿង ប្រាក់០៤គ្រឿង និងសំរឹទ្ធ០៣គ្រឿង កីឡាតេក្វាន់ដូ WT ឈ្នះសំរឹទ្ធ០៥គ្រឿង និងកីឡាវាយសី ឈ្នះមេដាយមាស០១គ្រឿង ប្រាក់០១គ្រឿង និងសំរឹទ្ធ០១គ្រឿង។
តាមរយៈនេះ ខេត្តសៀមរាប ឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម២៥រាជធានី ខេត្ត ជាមួយមេដាយសរុប ២៨គ្រឿង ក្នុងនោះមាស០៩គ្រឿង ប្រាក់ ០៧គ្រឿង និងសំរឹទ្ធ១២គ្រឿង៕









