ព្រឹត្តិការណ៍វាយកូនបាល់តំណាងប្រទេស David Cup បានចាប់ផ្តើមហើយនៅថ្ងៃអង្គារម្សិលមិញ ខណៈក្រុមវាយកូនបាល់ស៊ែប បារាំង និងហូឡង់សុទ្ធតែរកបានជ័យជំនះរៀងៗខ្លួនក្នុងប្រកួតដំបូង។

ការប្រកួតនៅក្នុងពូល C ស៊ែបបានយកឈ្នះកូរ៉េ ៣-០ តាមរយៈជ័យជំនះរបស់ Dusan Lajovic ៦-៤ ៧-៦(៧-៣) លើកីឡាករកូរ៉េ Seongchan Hong ប្រកួតទី ១ មុនពេលដែល Laslo Djere ឈ្នះ Soonwoo Kwon ៤-៦ ៦-២ និង ៦-២ នៅប្រកួតទី ២។នៅវិញ្ញាសាវាយគូស៊ែបបន្តយកឈ្នះទៀតដោយ Nikola Cacic និង Miomir Kecmanovic យកឈ្នះ Ji Sung Nam និង Min-Kyu Song។ នៅក្នុងពូល C នេះ អេស្ប៉ាញ និងសាធារណរដ្ឋឆេកនឹងត្រូវជួបគ្នាថ្ងៃនេះ។
ងាកមកការប្រកួតនៅក្នុងពូល B វិញបារាំងក៏បានយកឈ្នះ ៣-០ ផងដែរលើស្វ៊ីសតាមរយៈជ័យជំនះ Adrian Mannarino លើ Dominic Stricker ប្រកួតដំបូង ៣-៦ ៦-១ និង ៦-១ មុនពេលដែល Ugo Humbert យកឈ្នះStanislas Wawrinka ៦-៤ និង ៦-៤ ហើយចុងក្រោយវាយគូ Nicolas Mahut និង Edouard Roger-Vasselin យកឈ្នះ Marc-Andrea Huesler និង Wawrinka។នៅក្នុងពូល B នេះ អូស្រ្តាលី និងចក្រភពអង់គ្លេសត្រូវជួបគ្នាថ្ងៃនេះ។
ចំណែកឯ D វិញ ហូឡង់បានវាយបកយកឈ្នះហ្វាំងឡង់ ២-១ បន្ទាប់ពីហ្វាំងឡង់ឈ្នះប្រកួតដំបូង ៧-៦(៧-០) និង ៦-៤ ដោយ Otto Virtanen លើ Botic Van de Zandschlup ប្រកួតទី ១ មុនពេលដែលហូឡង់តាមស្មើវិញដោយជ័យជំនះរបស់ Tallon Griekspoor លើ Emil Ruusuvuori ៧-៦(៩-៧) និង ៦-៣។ ប្រកួតកាត់សេចក្តីវាយគូហូឡង់បានបន្តយកឈ្នះដោយ Wesley Koolhof និង Matwe Middlekoop លើ Harri Heliovaara និង Niklas Salminen ៦-៤ ៦-៧(៥-៧) និង ៦-៣។នៅក្នុងពូល D នេះ អាមេរិក និងក្រូអាស៊ីនឹងត្រូវជួបគ្នាថ្ងៃនេះ។
ងាកមកពូលចុងក្រោយនេះវិញគឺពូល A ឈីលីបានយកឈ្នះស៊ុយអែតដាច់ ៣-០ តាមរយៈជ័យជំនះ Cristian Garin លើ Leo Borg មុនពេលដែល Nicolas Jarry យកឈ្នះ Elias Ymer និងចុងក្រោយ Tomas Barrios ចាប់ដៃគូជាមួយ Alejandro Tabilo យកឈ្នះ Filip Bergevi និង Andre Goransson។ នៅក្នុងពូល A នេះនៅសល់កាណាដា នឹងត្រូវជួបអ៊ីតាលីថ្ងៃនេះ៕ អត្ថបទ៖នាង សុភាវុធ