កីឡាការិនីវាយកូនបាល់រ៉ូម៉ានី Simona Halep ដែលជាអតីតជើងឯក Grand Slam ពីរលើក ត្រូវបានដាក់ពិន័យ ៤ ឆ្នាំពីការប្រើប្រាស់សារធាតុហាមឃាត់។ តុលាការឯករាជ្យមួយបានកំណត់ថា កីឡាការិនីវ័យ ៣១ ឆ្នាំរូបនេះបានប៉ុនប៉ងប្រើប្រាស់សារធាតុហាមឃាត់ "ដោយចេតនា" ។
Halep បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាងមានបំណងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះផងដែរ។ Halep ត្រូវបានគេធ្វើតេស្តឃើញមានសារធាតុហាមឃាត់ Roxadustat នៅ US Open ឆ្នាំមុន។
Roxadustat គឺជាថ្នាំប្រឆាំងនឹងភាពស្លេកស្លាំងដែលជំរុញការផលិតកោសិកាឈាមក្រហមនៅក្នុងខ្លួន។

តាមពិតទៅ Simona Halep ក៏ត្រូវបានពិន័យតាំងពីខែតុលាឆ្នាំ ២០២២ មកម្ល៉េះមិនឱ្យពាក់ព័ន្ធនឹងសកម្មភាពកីឡាវាយកូនបាល់ ដែលមានន័យថានៅខែតុលាឆ្នាំ ២០២៦ ទើបរួចទោស ដែលនៅពេលនោះនាងមានវ័យ ៣៥ ឆ្នាំទៅហើយ។
រំលឹកថា Simona Halep ធ្លាប់ឈ្នះជើងឯក Grand Slam, French Open នៅឆ្នាំ ២០១៨ និង Wimbledon នៅឆ្នាំ ២០១៩ និងបានក្លាយជាកីឡាការិនីដែលមានឈ្មោះល្បីម្នាក់ដែលបានប្រើប្រាស់សារធាតុហាមឃាត់ បន្ទាប់ពីកីឡាការិនីរុស្ស៊ី Maria Sharapova ដែលធ្លាប់ពិន័យដែរកាលពីឆ្នាំ២០១៦។
Simona Halep ក្រៅពីធ្លាប់ឈ្នះ Grand Slam ក៏ធ្លាប់ឈ្នះជើងឯកផ្សេងៗនៅក្នុងក្របខណ្ឌ WTA Tour សរុប ២៤ លើក រកចំនូលបានសរុប ៤០ លានដុល្លារ និងធ្លាប់ឈរតំណែងលេខ ១ ពិភពលោកនៅឆ្នាំ ២០១៧ និង ២០១៨៕ អត្ថបទ៖នាង សុភាវុធ

