ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារ (១២ កញ្ញា) ថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានភាពធន់ និងមិនបានដួលរលំនោះទេ ដោយបានច្រានចោលការអះអាងពីលោកខាងលិចថា សេដ្ឋកិច្ចរបស់ខ្លួនកំពុងធ្លាក់ចុះ ហើយអាចបណ្តាលឱ្យមានបញ្ហាកាន់តែទូលំទូលាយ។
បណ្ដាមន្ត្រីមកពីប្រទេសនានា រួមទាំងអូស្ត្រាលី និងសហរដ្ឋអាមេរិក បានលើកឡើងជាសាធារណៈនូវការព្រួយបារម្ភ អំពីប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានហៅស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិនថាកំពុងមាន «វិបត្តិ» ខណៈហិរញ្ញិកអូស្ត្រាលី លោក ជីម ឆាលមើស (Jim Chalmers) បាននិយាយថា សេដ្ឋកិច្ចធ្លាក់ចុះរបស់ចិន អាចជះឥទ្ធិពលដល់ប្រទេសអូស្ត្រាលី។
លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានសក្ដានុពលដ៏អស្ចារ្យ ហើយថាមូលដ្ឋានគ្រឹះនៃការកែលម្អរយៈពេលវែងមិនផ្លាស់ប្តូរទេ។
ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន បន្ទាប់ពីការរឹតបន្តឹងរយៈពេលបីឆ្នាំនៃកូវីដ១៩ បានបាត់បង់សន្ទុះបន្ទាប់ពីការចាប់ផ្តើមយ៉ាងឆាប់រហ័សនៅក្នុងត្រីមាសទី១ ដែលបណ្ដាលមកពីការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ និងការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យផងដែរ៕
