ភ្នំពេញ៖ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងប៉េកាំង និងចូលរួម ពិព័រណ៍អាស៊ាន-ចិនលើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពូនជ្រុំ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឯកឧត្តម មាស សុភ័ណ្ឌ បានថ្លែងថា ទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី នៅសាធារណរដ្ឋប្រជាមានិតចិននេះ គឺតបតាមការអញ្ជើញរបស់ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីពូនជ្រុំ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានកសាងឡើងដោយព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិន ហើយត្រូវបានពូនជ្រុំជាបន្តបន្ទាប់ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី និងត្រូវបានបន្តពូនជ្រុំបន្ថែមទៀតមកដល់សព្វថ្ងៃនេះ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ឯកឧត្តមបញ្ជាក់ថា ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្តែង ការគួរសមដោយឡែកពីគា្នជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិត ចិននិងឯកឧត្តម ចាវ ឡីជី ប្រធានសភាតំណាងប្រជាជនចិន។
ក្នុងនោះកិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើ ប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិដែលផ្តល់ផលប្រយោជន៍រួម។
ឯកឧត្តមបន្តថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។នាយករដ្ឋមន្ត្រីទាំងពីរក៏នឹងអញ្ជើញធ្វើ ជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ។ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៍ អាស៊ាន-ចិន លើកទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាន នឹងតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី៕អត្ថបទ៖ វ៉ន ដារ៉ា
រូបភាពឯកសារ