អ៊ុយក្រែន ៖ អភិបាលក្រុងលើកបន្តុបដោយរុស្ស៊ី បាននិយាយថា រោងចក្រផលិតនាវា Sevastopolស្ថិតនៅឧបទ្វីបគ្រីមៀ បានកើតមានអគ្គិភ័យឆាបឆេះឡើង ក្រោយអ៊ុយក្រែនវាយប្រហារដោយមីស៊ីលលើកំពង់ផែសមុទ្រខ្មៅ បណ្តាលឲ្យមនុស្សយ៉ាងហោច ២៤នាក់ រងរបួស ។
លោក Mikhail Razvozhayev គឺជាអភិបាលក្រុង Sevastopol ដែលជាទីក្រុងធំបំផុតនៅតំបន់គ្រីមៀ និងជាទីក្រុងកំពង់ផែដ៏សំខាន់នៅក្នុងសមុទ្រខ្មៅ បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា សេវាកម្មសង្រ្គោះបន្ទាន់ទាំងអស់ កំពុងធ្វើការនៅកន្លែងកើតហេតុ ប៉ុន្តែគ្មានគ្រោះថ្នាក់ដល់ទ្រព្យសម្បត្តិជនស៊ីវិលនៅក្នុងទីក្រុងមួយនេះឡើយ ។
លោក Razvozhayev បាននិយាយដោយពុំផ្តល់សេចក្តីលម្អិតថា អគ្គិភ័យ បានបង្កឡើងដោយសារការវាយប្រហារមីស៊ីលរបស់អ៊ុយក្រែនលើទីក្រុង Sevastopol។
រោងចក្រផលិតនាវាយុទ្ធសាស្រ្ត Sevastopolស្ថិតនៅលើឧបទ្វីបគ្រីមៀ ដែលរុស្ស៊ីបានប្រកាសដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួនពីអ៊ុយក្រែនកាលពីឆ្នាំ ២០១៤ គឺជាកន្លែងសម្រាប់ផលិត និងជួសជុលនាវា និងនាវាមុជទឹករបស់កងនាវាសមុទ្រខ្មៅរុស្ស៊ី ដែលបានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលលើអ៊ុយក្រែន ។
លោក Razvozhayev បានបង្ហោះរូបភាពអណ្តាតភ្លើងដ៏ធំកំពុងឆាបឆេះសំណង់កំពង់ផែ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់បាននោះឡើយលើសេចក្តីរាយការណ៍មួយនេះ ហើយក៏ពុំទាន់មានសេចក្តីអធិប្បាយភ្លាមៗនោះដែរពីទីក្រុងគីវ ៕

