ឥណ្ឌា ៖ ជលវប្បដ្ឋានផ្លូវក្រោមដី បានសណ្តំដួងចិត្តក្រុមអ្នកស្រលាញ់ជីវិតសត្វសមុទ្រ ពេលដែលវាបង្ហាញខ្លួនជាលើកដំបូងនៅទីក្រុងភាគខាងជើង Chandigarh ប្រទេសឥណ្ឌា ឃើញមានពូជត្រីរាប់រយប្រភេទ ។
ពូជត្រីជាង ២៥០ប្រភេទជាមួយនឹងពូជត្រីកម្រមួយចំនួនទៀត ត្រូវបាននាំយកមកកាន់ជលវប្បដ្ឋានផ្លូវក្រោមដី នេះ ដែលបានឈ្នះដួងចិត្តអ្នកស្រុកឲ្យមកកម្សាន្តសប្បាយ ។
ភ្ញៀវទេសចរជាពិសេសភ្ញៀវទេសចរក្មេងៗ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលពួកគេបានស្គាល់ពូជត្រីកម្រៗជាច្រើនប្រភេទបែបនេះ ដូចជាត្រី Tetra Widow, Red Cap, Colour Glass និងពូជត្រីជាច្រើនទៀត ។
នាង Mimani Rawatគឺជាភ្ញៀវទេសចរមួយរូប និយាយថា មាននូវត្រីច្រើនប្រភេទណាស់ ហើយពូជត្រីប្រភេទថ្មី ដែលពួកយើងឃើញ ពួកយើងពុំធ្លាប់ដែលស្គាល់នោះទេ ដូចជាត្រី Tetra Widow និងត្រី Colour Glass ។
ដោយឡែក លោក Alankeshwar Bhaskar ដែលជាម្ចាស់ជលវប្បដ្ឋានផ្លូវក្រោមដី និយាយថា ពួកយើងមានត្រីសរុបចំនួន ២២៥.០០០ក្បាលនៅក្នុងជលវប្បដ្ឋានផ្លូវក្រោមដី ។ ពួកយើងមានជលប្បដ្ឋាន ៧៥កន្លែងផ្សេងៗគ្នា ហើយជលវប្បដ្ឋានផ្លូវក្រោមដី នេះ គឺជាជលវប្បដ្ឋានផ្លូវក្រោមដីធំជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌា មានប្រវែងប្រហែល ៥៥ម៉ែត្រ ៕

