ភ្នំពេញ៖ យុវជនខ្មែរចំនួន ៣ក្រុម បានឈ្នះពានរង្វាន់ផលិតវីដេអូខ្លី ក្នុងកម្មវិធីប្រកួតប្រជែង ស្តីពីការអប់រំចំណេះដឹងហិរញ្ញវត្ថុ (FECA) ប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ “ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ” ក្នុងចំណោមអ្នកចូលរួមប្រកួតសរុបចំនួន ៣៨ក្រុម។
លោក ទិត្យ កំរង ស្ថាបនិកក្រុមហ៊ុនឬទ្ធិពល និងអេបកត់លុយ និងជាស្ថាបនិកកម្មវិធីពានរង្វាន់ប្រកួតប្រជែង ស្តីពីការអប់រំចំណេះដឹងហិរញ្ញវត្ថុ នៅក្នុងពិធីប្រគល់ពានរង្វាន់ កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា នេះជាលើកទី៣ហើយ ដែលលោករៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយអំពីចំណេះដឹងហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយទៅដល់ប្រជាជនខ្មែរ តាមរយៈការប្រកួតប្រជែងគំនិតប្រកបដោយភាពច្នៃប្រឌិត ដែលមានលក្ខណៈជាសិល្បៈ ដើម្បីឲ្យសារអប់រំងាយស្រួលយល់ និងអាចអនុវត្តបានសម្រាប់ប្រជាពលរដ្ឋគ្រប់កម្រិត។ លោកឲ្យដឹងទៀតថា កម្មវិធីនេះ បានចូលរួមចំណែកទៅនឹងយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា និងជាពិសេសយុវជន ដើម្បីជួយឲ្យពួកគេយល់ដឹងពីសិទ្ធិក្នុងការប្រើប្រាស់ ជ្រើសរើស ចរចា លើសេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឲ្យបានកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះ លោក ទិត្យ កំរង បានរំលឹកឡើងវិញអំពីអ្វីដែលហៅថា ចំណេះដឹងហិរញ្ញវត្ថុ Financial Literacy? ចំណេះដឹងហិរញ្ញវត្ថុជាជំនាញជីវិត Life Skill មួយដែលចាំបាច់សម្រាប់ជីវិត ជាជំនាញដែលទាក់ទងនឹងការរកចំណូល ការចំណាយ បំណុល និងការសន្សំ។ លោកបន្ថែមថា ចំណេះដឹងហិរញ្ញវត្ថុបង្រៀនយើងពីការរៀបចំផែនការហិរញ្ញវត្ថុ គម្រោងថវិកាផ្ទាល់ខ្លួនក៏ដូចជាក្រុមគ្រួសារ។ ស្របពេលដែលធនធានរបស់យើងមានកម្រិត ចំណេះដឹងហិរញ្ញវត្ថុជួយយើងឱ្យចាត់ចែងធនធានទាំងនោះ ដើម្បីបម្រើឱ្យតម្រូវការចាំបាច់ប្រចាំថ្ងៃ អាចដោះស្រាយបាននូវបញ្ហា ឬគ្រោះថ្នាក់នានាដែលមិនអាចស្មានទុកជាមុន និងធានាបាននូវអនាគតដ៏ល្អប្រសើរមួយសម្រាប់កូនចៅជំនាន់ក្រោយរបស់ខ្លួន។ លោកបន្តថា ជំនាញនេះកាន់តែសំខាន់សម្រាប់យុវជន ដើម្បីពួកគេអាចត្រៀមខ្លួនជាមុនពេលប្រឡូកចូលក្នុងជីវិតការងារពួកគេផងដែរ។
សូមបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងស្តីពីការអប់រំចំណេះដឹងហិរញ្ញវត្ថុ (FECA) បានរៀបចំចំនួន ២លើករួចមកហើយក្នុងឆ្នាំ២០២១ ដោយក្រុមហ៊ុនឬទ្ធិពល។ ក្រុមហ៊ុននេះ បានធ្វើការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុតាំងពីឆ្នាំ២០១២ និងមានបទពិសោធន៍រៀបចំកម្មវិធីសិក្សាទាក់ទងនឹងការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុនៅតាមសហគមន៍ និងយុវជន និងបានធ្វើការងារជាមួយបណ្តាអង្គការជាតិ និងអន្តរជាតិ ស្ថាប័នឯកជន ស្ថាប័នរដ្ឋាភិបាល និងសាកលវិទ្យាល័យនានាជាច្រើនផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃប្រព័ន្ធបណ្តាញសង្គម និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន៕




