ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ VTV បានរាយការណ៍នៅថ្ងៃពុធនេះថា ទឹកជំនន់ដ៏គំហុក បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្ត Lao Cai ( ឡាវ កាយ) ជាតំបន់ភ្នំនៅភាគខាងជើងប្រទេសវៀតណាម បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៧នាក់ផ្សេងទៀតនៅបាត់ខ្លួន។
ការិយាល័យសេវាអាកាសធាតុក្នុងតំបន់ និយាយថាភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីយប់ថ្ងៃអង្គាររហូតដល់ព្រឹកថ្ងៃពុធ បាននាំឲ្យកម្រិតទឹកឡើងខ្ពស់នៅក្នុងតំបន់មួយចំនួន។ អាជ្ញធរតំបន់ កំពុងស្វែងរកអ្នកទាំងឡាយដែលនៅបាត់ខ្លួន និងកំពុងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញដោយទឹកជំនន់។
អំឡុងម៉ោង១០យប់ថ្ងៃអង្គារ ក្រុមជួយសង្គ្រោះ អាចទៅដល់តំបន់រងគ្រោះមហន្តរាយ និងបានស្រង់យកសាកសពជនរងគ្រោះ២នាក់លើកដំបូង ដែលត្រូវហូរនាំដោយទឹកជំនន់ និងបានប្រគល់សាកសពទៅឲ្យ ក្រុមគ្រួសារ។
នៅព្រឹកថ្ងៃពុធនេះប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកទ្រិញសួនទ្រឿង(Trịnh Xuân Trường) បានដឹកនាំកិច្ចប្រឹងប្រែងជួយសង្គ្រោះ និងផ្តល់ជំនួយបន្ទាន់ ក្នុងក្រុង Sa Pa Town ដោយជួយពលរដ្ឋក្នុងការជម្លៀសទៅកាន់ទៅសុវត្ថិភាព។ ភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃអង្គារ បានធ្វើឲ្យជន់លិចផ្លូវថ្នល់ បណ្តាលឲ្យការដឹកជញ្ជូនក្នុងតំបន់ជាប់គាំង។