បាល់ទាត់៖ ខ្សែបម្រើវ័យក្មេង អ៊ាន ពិសី បានសម្ដែងការសប្បាយចិត្តជាខ្លាំង បន្ទាប់ពីបានជាសះស្បើយពីរបួស និងត្រឡប់មកជួយក្រុមវិញជាមួយក្លិបព្រះខ័នរាជស្វាយរៀង ក្រោយសម្រាកព្យាបាលជាង ២ខែ។

យុវជនផ្ទេរមកពីសាលាបាល់ទាត់ជាតិបាទីរូបនេះបានបញ្ជាក់ថា ដោយមានការព្យាយាមហ្វឹកហាត់ និងមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារគ្រូ បានធ្វើឲ្យរបួសរបស់ខ្លួនឆាប់ជាសះស្បើយ។ ដូច្នេះគេបានតាំងចិត្តនឹងខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីជួយក្រុមថ្មីរបស់ខ្លួន។ សូមរំឭកថា អ៊ាន ពិសី បានរងរបួសកជើង អំឡុងពេលបង្ហាញខ្លួនផ្លូវការលើកដំបូង ក្នុងជំនួបបើករដូវកាលថ្មីនៃលីគកំពូលកម្ពុជាឆ្នាំ២០២១ រវាងក្លិបព្រះខ័នរាជស្វាយរៀង និងក្លិបអគ្គិសនីកម្ពុជាកាលពីដើមខែមីនា។ របួសនេះបានបង្ខំឲ្យ ពិសី ត្រូវសម្រាកព្យាបាលប្រមាណ ២ខែ មុនគេត្រឡប់មកជួយក្រុមបានវិញ ក្នុងជំនួបជាមួយក្រុមម្ចាស់ផ្ទះវិសាខាកាលពីថ្មីៗកន្លងទៅ៕
អត្ថបទ៖ លី ឈុនឡា