
ប្រធានប្រតិបត្តិរបស់សហភាពអឺរ៉ុប (EU) បាននិយាយនៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកស្រី នៅថ្ងៃពុធ (ទី១៣ ខែកញ្ញា) នេះ ថា ប្រទេសអ៊ុយក្រែន បាន «បោះជំហានទៅមុខយ៉ាងល្អប្រសើរហើយ» ក្នុងការឆ្ពោះទៅរកការចូលជាសមាជិករបស់ប្លុកនេះ ចាប់តាំងពីទទួលបានឋានៈជាបេក្ខភាព ក្នុងឆ្នាំ២០២២ ប៉ុន្តែការប្រឹងប្រែងយ៉ាងខ្លាំងក្លា នៅតែមាននៅខាងមុខ។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានធ្វើការថ្លែងបែបនេះទៅកាន់សភាអឺរ៉ុប នៅទីក្រុង Strasbourg ប្រទេសបារាំង ខណៈដែលប្លុកមាន ២៧ប្រទេសនេះ ចាប់ផ្តើមជជែកពិភាក្សាគ្នាថា តើត្រូវអនុញ្ញាតឲ្យទីក្រុងគីវចាប់ផ្តើមជាផ្លូវការដែរ ឬយ៉ាង សម្រាប់ការចរចាជាសមាជិកភាពរបស់សហភាពអឺរ៉ុប នៅឯកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥ ខែធ្នូ។
លោក von der Leyen បាននិយាយថា៖ «យើងដឹងថា នេះមិនមែនជាផ្លូវងាយស្រួលធ្វើដំណើរនោះទេ។ ការព្រមព្រៀង គឺផ្អែកលើគុណសម្បត្តិ។ បញ្ហានេះត្រូវការការធ្វើការយ៉ាងខ្លាំងក្លា និងអភិបាលកិច្ច។ ប៉ុន្តែមានការវិវឌ្ឍយ៉ាងច្រើនរួចទៅហើយ ក្នុងដំណើរការនេះ។ យើងបានឃើញការបោះជំហានដ៏ល្អប្រសើរ ដែលអ៊ុយក្រែនបានធ្វើរួចហើយ ចាប់តាំងពីពេលនោះមក»។
សមាជិកសភាសហភាពអឺរ៉ុប បានសាទរនៅពេលដែលលោកស្រី von der Leyen បាននិយាយថា អនាគតនៃប្រទេសអ៊ុយក្រែន ម៉ុលដូវ៉ា និងបណ្ដាបស្ចិមប្រទេស នៅតំបន់បាល់កង់ គឺស្ថិតនៅក្នុងការរួមបញ្ចូលរបស់យើង។ ប៉ុន្តែយ៉ាងណាក្ដី លោកស្រីបាននិយាយដោយមានការប្រុងប្រយ័ត្នជាងមុន ជុំវិញក្តីសង្ឃឹមមួយទៀត ពាក់ព័ន្ធនឹងប្រទេសហ្សកហ្ស៊ី ដែលមន្ត្រីសហភាពអឺរ៉ុបជាច្រើន និយាយថា បានធ្វើដំណើរថយក្រោយ ក្នុងផ្លូវឆ្ពោះទៅរកសមាជិកភាព៕