សហព័ន្ធកីឡាបាល់ទាត់ប៉ូឡូញ បានសំរេចបញ្ចប់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិលោក Fernando Santos ហើយក្រោយដឹកនាំក្រុមបានត្រឹម ៦ ប្រកួតមិនបានមួយឆ្នាំផង។
ប៉ូឡូញចុងក្រោយបំផុតចាញ់នៅទឹកដីអាល់បានី ២-០ កាលពីថ្ងៃអាទិត្យ ដែលជាបរាជ័យទី ៣ ក្នុងចំណោម ៥ ប្រកួតផ្លូវការក្រោមការដឹកនាំរបស់លោក Fernando Santos ដែលធ្វើឱ្យប៉ូឡូញនៅពេលនេះធ្លាក់ដល់លេខ ៤ ក្នុងពូល E នៃវគ្គជំរុះ Euro 2024។

បុរសវ័យ ៦៨ ឆ្នាំរូបនេះធ្លាប់បានដឹកនាំព័រទុយហ្កាល់ពីមុន ឈ្នះជើងឯក Euro 2016 និង UEFA Nations League នៅរដូវកាល ២០១៨-១៩ តែក៏បានចាកចេញក្រោយព័រទុយហ្កាល់ធ្លាក់នៅវគ្គ ៨ ក្រុមចុងក្រោយ World Cup 2022 នៅកាតាឆ្នាំមុន។
ជ័យជំនះតែមួយប្រកួតគត់របស់ប៉ូឡូញក្រោមការដឹកនាំរបស់លោក Santos គឺឈ្នះអាល្លឺម៉ង់លក្ខណៈមិត្តភាពកាលពីខែមិថុនា។

ប្រធានក្រុមប៉ូឡូញ Robert Lewandowski តែងតែជា ១១ នាក់ដំបូង ៦ ប្រកួតក្រោមការដឹកនាំរបស់លោក Santos ដោយរកបាន ៣ គ្រាប់ និងសរុប ៨១ គ្រាប់ឱ្យក្រុមជម្រើសជាតិក្នុងអាជីពរបស់ខ្សែប្រយុទ្ធ Barcelona រូបនេះ។
ប៉ូឡូញនៅពេលនេះឈរក្នុងពូលពីក្រោមអាល់បានី ម៉ុលដាវី និងសាធារណរដ្ឋឆេក ខណៈប្រកួតបន្ទាប់នៅតុលានឹងត្រូវជួបជាមួយហ្វារ៉ូអ៊ីស្លង់៕ អត្ថបទ៖នាង សុភាវុធ