ទីក្រុងហុងកុង បានបិទសាលារៀនជាច្រើនទីតាំងនៅថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា)នេះ បន្ទាប់ពីក្រុមអាជ្ញាធរបានចេញប្រកាសនូវសញ្ញាអាសន្នភ្លៀងធ្លាក់ខ្ពស់បំផុតទីពីរ និងបានព្រមានអំពីទឹកជំនន់យ៉ាងទូលំទូលាយ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងបំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមកាលពី១៤០ឆ្នាំមុនមក។

ក្រុមសង្កេតការណ៍អាកាសធាតុរបស់ទីក្រុង បានចេញសញ្ញាអាសន្នពណ៌ «ក្រហម» នៅមុនម៉ោង៦ព្រឹក(ម៉ោងក្នុងស្រុក) ដោយនិយាយថា កម្រិតភ្លៀងលើសពី៥០មីលីម៉ែត្រក្នុងរយៈពេលមួយម៉ោង កំពុងធ្លាក់ចុះ ហើយទំនងជានឹងបន្តទៀត។
ភ្លៀងធ្លាក់ខ្លាំងបានកើតឡើង ខណៈទីក្រុងនេះនៅតែបន្តជួសជុលការខូចខាត បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងដោយភ្ជាប់ជាមួយនឹងព្យុះទីហ្វុង ហៃខួយ (Haikui) ដែលបានឆ្លងកាត់នៅក្បែរនោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ តំបន់ជាច្រើននៃទីក្រុងភ្នំមួយនេះ នៅតែមានហានិភ័យខ្ពស់នៃបំណាក់ដី បន្ទាប់ពីអាកាសធាតុសើមខុសពីធម្មតា៕
